ប្រើឧបករណ៍អេឡិចត្រូនិកច្រើនពេក អាចឈានទៅកើតបញ្ហាផ្លូវចិត្ត និង ធ្វើអត្តឃាត
ថ្វីបើបច្ចេកវិជ្ជាបានធ្វើឱ្យជីវិតមានភាពងាយស្រួលក៏ដោយក៏វានៅតែរួមចំណែកដ៏សំខាន់ប៉ះពាល់ដល់បញ្ហាសុខភាពជាច្រើនជាពិសេសក្នុងចំណោមកុមារ និង យុវវ័យ ដែលចំណាយពេលប្រមាណពី ៥ ម៉ោងឡើងទៅក្នុងមួយថ្ងៃ ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ។
យោងតាមការសិក្សាមួយក្នុងចំណោមក្មេងជំទង់ដែលចំណាយពេលច្រើនលើទូរស័ព្ទទំនើប និង អេក្រង់ឧបករណ៍អេឡិចត្រូនិចមួយចំនួន គឺពិតជាមានហានិភ័យខ្លាំងប៉ះពាល់ដល់ជំងឺធ្លាក់ទឹកចិត្ត និង អាចឈានដល់ការធ្វើអត្តឃាត ។ កន្លងមកគេបានសិក្សាឃើញថាការប្រើស្មាតហ្វូនច្រើនពេក គឺពិតជាប៉ះពាល់នឹងបញ្ហាគេងមិនលក់ចំពោះក្មេងជំទង់ និង ផលប៉ះពាល់បញ្ហាសុខភាពផ្លូវចិត្តថែមទៀតផង ។
ការសិក្សាថ្មីនេះបានរកឃើញថា ការចំណាយពេលវេលាច្រើនជាមួយទូរស័ព្ទដៃ ថេប្លីត និង កំព្យូទ័រច្រើនពេក គឺបង្កើនហានិភ័យជំងឺធ្លាក់ទឹកចិត្តឬបណ្ដាលឱ្យឈានដល់ការធ្វើអត្តឃាតជាដើម ។ ការស្រាវជ្រាវនេះត្រូវបានសិក្សាដោយសាកលវិទ្យាល័យ the Florida Sate University ក្នុងសហរដ្ឋអាមេរិក និង បានចាត់ទុកថាបញ្ហានេះមិនគួរមើលរំលងនោះទេ ៕ សុផល (ប្រភព៖ Zeenews.com)