មិនជក់បារី មិនផឹកគ្រឿងស្រវឹង តែចូលចិត្តផឹកភេសជ្ជៈផ្អែមរាល់ថ្ងៃ ស្ត្រីម្នាក់ពិនិត្យឃើញកើតជំងឺមហារីកធ្ងន់ធ្ងរ
សារព័ត៌មាន TVBS កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ បានចុះផ្សាយថា ស្រ្តីម្នាក់អាយុ ៤០ ឆ្នាំ បានពិនិត្យឃើញថាខ្លួនបានកើតជំងឺមហារីកពោះវៀនធំដំណាក់កាលទី ៤ ទាំងដែលខ្លួនមិនធ្លាប់បានជក់បារី ឬ ផឹកគ្រឿងស្រវឹងអ្វីឡើយ ប៉ុន្តែវេជ្ជបណ្ឌិតបានឱ្យដឹងថា វាបានកើតឡើងដោយសារតែនាងមានទម្លាប់អាក្រក់មួយ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា វេជ្ជបណ្ឌិត Chen Sin-mei មកពីមន្ទីរពេទ្យមួយក្នុងសង្កាត់ Zhongshan ទីក្រុងតៃប៉ិ តៃវ៉ាន់ ថ្មីៗនេះបានប្រាប់កម្មវិធីសុខភាព Health 2.0 នៅលើទូរទស្សន៍ TVBS ពីដំណើររឿងនៃការព្យាបាលអ្នកជំងឺម្នាក់ ដែលមានអាយុ ៤០ ឆ្នាំ បានកើតជំងឺមហារីកពោះវៀនធំដំណាក់កាលទី ៤។
ជាមួយគ្នានេះដែរ វេជ្ជបណ្ឌិតរូបនោះបានឱ្យដឹងថា អ្នកជំងឺដែលកំពុងកើតជំងឺមហារីកដំណាក់កាលទី ៤ គឺជាអ្នកជំងឺម្នាក់ដែលមិនបានពិសាគ្រឿងស្រវឹង មិនជក់បារី និង តែងតែទទួលទានអាហារល្អដល់សុខភាព ទើបធ្វើឱ្យគ្រប់គ្នាឆ្ងល់ថាហេតុអ្វីបានជាអ្នកជំងឺម្នាក់នេះកើតមហារីក? ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហានេះ វេជ្ជបណ្ឌិត Chen បានលើកឡើងថា អ្នកជំងឺម្នាក់នេះមានរាងធាត់បន្តិច ទើបពេទ្យសន្និដ្ឋានវាអាចបណ្ដាលមកពីរបបអាហាររបស់អ្នកជំងឺម្នាក់នោះ រហូតដល់ចុងក្រោយអ្នកជំងឺម្នាក់នោះបានបញ្ជាក់ថា នាងចូលចិត្តផឹកភេសជ្ជៈមានជាតិស្ករផ្អែម ១-២ កែវក្នុងមួយថ្ងៃ ហើយផឹកបែបនេះជារៀងរាល់ថ្ងៃ។
ទន្ទឹមនឹងនេះហើយ ទើបវេជ្ជបណ្ឌិត Chen ពន្យល់ថា ជាតិស្ករ និង ជំងឺមហារីកក៏មានទំនាក់ទំនងរវាងគ្នាដែរ ប្រសិនបើអ្នកញ៉ាំជាតិស្ករច្រើន វានឹងធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ដែលនាំឱ្យមានភាពស៊ាំនឹងអាំងស៊ុយលីន ហើយខ្លាញ់នឹងកកកុញនៅក្នុងខ្លួននាំឱ្យមានការរលាករ៉ាំរ៉ៃ។ ដូច្នេះហើយទើបវេជ្ជបណ្ឌិត Chen បានណែនាំថា សម្រាប់អ្នកដែលនៅមានទម្លាប់ទទួលទានភេសជ្ជៈផ្អែម អ្នកគួរកាត់បន្ថយបរិមាណជាតិស្ករឱ្យបាន ២០ ភាគរយ ហើយប្រសិនបើអ្នកអាចឈប់ ឬ ញ៉ាំវាបាននោះគឺអស្ចារ្យណាស់៕
ប្រភព ៖ TVBS