សូមប្រុងប្រយ័ត្ន! ជំងឺផ្ដាសាយបក្សី H5N1 បានឆក់យកជីវិតបុរសអាយុ ៥០ ម្នាក់នៅខេត្តស្វាយរៀង
នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីករណីបុរសម្នាក់ស្លាប់ ដោយសារជំងឺផ្តាសាយបក្សីមួយករណី ស្ថិតនៅស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ក្រោយមានការសង្ស័យពីករណីស្លាប់របស់បុរសម្នាក់ ដែលមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ បន្ទាប់ពីលោកបានបរិភោគសាច់មាន់ (មាន់ងាប់) នៅភូមិម្រាក់ទាប ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត ក៏បានចាត់ចែងទៅយកសំណាកសពនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ១០ យប់ ដើម្បីធ្វើតេស្តវត្ថុសំណាកនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និង ទទួលបានលទ្ធផលវិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទ H5N1 នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ១:៤០ នាទីរសៀល។
ទន្ទឹមនឹងនេះ យោងតាមការសាកសួរបានឱ្យដឹងដែរថា មានផ្ទះអ្នកជិតខាងបុរស ដែលស្លាប់បានទិញមាន់មកស្តុកទុកលក់ ក្រោយមកក៏ឃើញមានមាន់នៅផ្ទះរបស់លោក និង ផ្ទះអ្នកក្បែរខាងចាប់ផ្ដើមងាប់ ប្រមាណជាង ៥០ ក្បាល ហើយក៏បានចែកចាយឱ្យបងប្អូនយកទៅបរិភោគដែរ។
យ៉ាងណាមិញ បច្ចុប្បន្ននេះក្រោមការណែនាំរបស់អភិបាលខេត្ត មន្ទីរជំនាញក៏បានចាត់វិធានការចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងតំបន់កើតមានជំងឺ និង ណែនាំបងប្អូនប្រជាពលរដ្ឋ បើមានសត្វស្លាប់ត្រូវយកទៅកប់ចោល ដែលជាវិធានការតឹងរឹង ព្រមទាំងបានអប់រំសុខភាពដល់គ្រួសារសព អ្នកប៉ះពាល់ អ្នកចូលរួមក្នុងពិធីបុណ្យ និង ប្រជាជនក្នុងភូមិ ហើយរដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យរក្សាអនាម័យតាមរយៈការលាងដៃ ឱ្យបានញឹកញាប់ជាមួយសាប៊ូ និង ទឹកមុនពេលបរិភោគបាយ និង បន្ទាប់ពីប៉ះពាល់ជាមួយបក្សីហើយ ដោយមិនត្រូវបរិភោគសត្វបក្សីឈឺ ឬងាប់ និង រាល់បក្សី ដែលធ្វើសម្រាប់បរិភោគត្រូវចម្អិនឱ្យបានឆ្អិនល្អ។
ដោយឡែក ចំពោះអ្នក ដែលមានការប៉ះពាល់ជិតស្និទ្ធនឹងអ្នកជំងឺ ត្រូវរក្សាអនាម័យខ្លួនប្រាណជានិច្ច ស្ថិតនៅដាច់ពីគេ តាមដានសុខភាព ហើយក្នុងករណីមានចេញអាការៈប្រែប្រួលសុខភាព ឬមានការសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន និង មន្ត្រីសុខាភិបាល ដែលនៅជិតបំផុត។
គួរឱ្យដឹងដែរថា ករណី ដែលបានស្លាប់នេះ គឺជាករណីផ្ដាសាយបក្សីទី ៥៨ (ស្លាប់ ៣៩ នាក់) ដែលកើតមានលើមនុស្ស ចាប់តាំងពីឆ្នាំ ២០០៥ មកហើយករណីនេះគឺជា ករណីទី ២ ដែលបានកើតឡើងនៅក្នុងឆ្នាំ ២០២៣ នេះ៕