សំពាធឈាមថយចុះប្រឈមនឹងស្លាប់មុនអាយុ ១៤ ឆ្នាំ !
ជំងឺលើសឈាមអាចបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព ក៏ប៉ុន្តែចំពោះបញ្ហាសំពាធឈាមទាបក៏មានគ្រោះថ្នាក់ខ្លាំងណាស់ដែរ ។ បើយោងតាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា ចំពោះមនុស្សវ័យចំណាស់ដែលមានបញ្ហាសំពាធឈាមទាប គឺប្រឈមនឹងការឈានស្លាប់មុនអាយុបាន ។
វេជ្ជបណ្ឌិតបានប្រាប់ឱ្យដឹងថា ជាទូទៅមនុស្សច្រើនមានបញ្ហាឡើងសម្ពាធឈាមចាប់តាំងពីវ័យកុមារដល់វ័យកណ្តាល ។ ប៉ុន្តែតាមការស្រាវជ្រាវថ្មីបង្ហាញថាបញ្ហាថយចុះកម្រិតសម្ពាធឈាមក្នុងចំណោមមនុស្សវ័យចំណាស់ គឺអាចបង្កគ្រោះថ្នាក់ខ្លាំង ដែលអាចឈានទៅស្លាប់មុនអាយុរហូតដល់ទៅ ១៤ ឆ្នាំ ។
អ្នកស្រាវជ្រាវបានវិភាគប្រវត្តិជំងឺរបស់ពលរដ្ឋអង់គ្លេសចំនួន ៤៦៦៣៤ នាក់ដែលបានស្លាប់នៅអាយុ ៦០ ឆ្នាំ ឬច្រើនជាងនេះ និង រកឃើញថាសម្ពាធឈាមទាបក៏ជាមូលហេតុបណ្តាលឱ្យស្ឆាប់មុនអាយុផងដែរ ។ បញ្ហានេះអាចកើតមានទៅលើមនុស្សទូទៅ ជាពិសេសអ្នកដែលមិនធ្លាប់បានធ្វើរោគវិនិច្ឆ័យថាមានជំងឺនេះពីមុនមក ៕ សុផល (ប្រភព៖ Zeenews.com)