ចែកគ្នាដឹង! បញ្ហាមួយកើតឡើងដោយសារអាកាសធាតុក្តៅខ្លាំង បើសង្គ្រោះក្នុងរយៈពេល ៣០ នាទីមិនទាន់ អាចប្រឈមដល់ស្ល-ា..ប់
ឈានមកដល់ខែមេសា អាកាសធាតុហាក់កើនកម្តៅអង្សាខ្លាំង ថ្ងៃខ្លះអាចឡើងដល់ទៅ ៣៨ – ៣៩ ឬ ៤០ អង្សាឯណោះ។ អាកាសធាតុក្តៅខ្លាំងងាយធ្វើឱ្យមនុស្សយើងប្រឈមបញ្ហាសុខភាពបំផុត ជាក់ស្តែងបញ្ហាអាក្រក់ជំហានដំបូងហៅថា Heat exhaustion ដែលវាមានអាការដូចជា អស់កម្លាំង ឈឺក្បាល វិលមុខ មានអារម្មណ៍មិនស្រួលខ្លួន រមួលក្រពើ ក្តាមកាច់ ឆ្អល់ពោះ ដកដង្ហើមញាប់ បេះដូងលោតញាប់ ខ្លួនឡើងកម្តៅ ស្រេកទឹកខ្លាំង និង ខ្សោយ ជាដើម។
សញ្ញាខាងលើអាចបង្ហាញអាការដូចគ្នាទាំងកូនក្មេង និង មនុស្សធំ សូម្បីអាការរមាស់ស្បែកក៏ត្រូវបានរាប់បញ្ចូលផងដែរ។ បើមានមនុស្សរងគ្រោះដោយបញ្ហាអាកាសធាតុក្តៅនេះ ពួកគេត្រូវតែប្រញាប់រកវិធីជួយឱ្យខ្លួនត្រជាក់វិញ និង បំពេញជាតិទឹកឱ្យបានលឿនបំផុត។
យ៉ាងណាមិញ បើឃើញនរណាម្នាក់រងគ្រោះដោយសារបញ្ហាអាកាសធាតុក្តៅ Heat exhaustion អ្នកអាចជួយពួកគេតាមវិធីដូចខាងក្រោម ៖
១. នាំយកគេទៅកន្លែងត្រជាក់
២. ដោះសម្លៀកបំពាក់ទាំងប៉ុន្មានដែលមិនចាំបាច់ចេញដូចជាអាវក្រៅ និង ស្រោមជើង ជាដើម។
៣. ឱ្យគេផឹកទឹកត្រជាក់ ឬ ភេសជ្ជៈកីឡា ឬ ភេសជ្ជៈដែលផ្តល់ជាតិទឹកខ្ពស់។
៤. ជួយឱ្យស្បែកគេត្រជាក់ឡើងវិញ តាមរយៈការប្រើស្ព្រៃយ៍បាញ់ត្រជាក់ ឬ ជូតខ្លួនជាមួយទឹកត្រជាក់ និង ដាក់ឱ្យត្រូវកង្ហារ ឬ ម៉ាស៊ីនត្រជាក់។ មួយវិញទៀត អាចយកទឹកកកច្រកក្នុងថង់ស្អំ ដាក់ស្អំនៅក្រោមក្លៀក ឬ នៅលើ-ក។
អ្នកចាំបាច់នៅជាមួយគេរហូតដល់គេមានអារម្មណ៍ធូរស្រាល។ ការសង្គ្រោះនេះមានរយៈពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ បើសង្គ្រោះ ៣០ នាទីហើយមិនធូរស្រាលបានន័យថា គេនឹងឈានដល់បញ្ហាមួយទៀតដែលគ្រោះថ្នាក់បំផុតហៅថា Heatstroke ដែលជាអាការមិនធូរស្រាល ហើយអាចសន្លប់ទៀតផង។ ករណីនេះ បើមិនប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ គេអាចប្រឈមបញ្ហាបំផ្លាញទៅដល់ ខួរក្បាល បេះដូង តម្រងនោម និង សាច់ដុំ ដែលសំខាន់អាចប្រឈមដល់ស្លាប់ទៀតផង។ គួរឱ្យដឹងដែរថា ក្រៅពីបញ្ហាគ្រោះថ្នាក់ដោយអាកាសធាតុក្តៅមិនប្រកាន់វ័យហើយនោះ មនុស្សដែលងាយប្រឈមបំផុតគឺ អ្នកកើតជំងឺបេះដូង និង អ្នកកើតជំងឺទឹកនោមផ្អែម៕