ស្រ្តីមានផ្ទៃពោះពិសាភេសជ្ជៈផ្អែមច្រើនធ្វើឱ្យទារកកើតមកប្រឈមជំងឺហឺត
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា កុមារអាយុចន្លោះពី ៧ ទៅ ៩ ឆ្នាំអាចមានហានិភ័យខ្ពស់ប្រឈមនឹងការកើតជំងឺហឺតប្រសិនបើម្តាយរបស់ពួកគេពិសាភេសជ្ជៈមានជាតិស្ករច្រើនក្នុងអំឡុងពេលមានផ្ទៃពោះ ។ អ្នកស្រាវជ្រាវ Sheryl Rifas-Shiman មកពីសាកលវិទ្យា ល័យ Harvard Medical School បាននិយាយថា ស្ត្រីគួរជៀសវាងការទទួលទានភេសជ្ជៈមានជាតិស្ករខ្ពស់ក្នុងអំឡុងពេលមានផ្ទៃពោះ ព្រោះវាអាចជួយកាត់បន្ថយអត្រាឈានទៅកើតជំងឺហឺតចំពោះកុមារបាននៅពេលពួកគេធំឡើង ។
ការសិក្សាស្រាវជ្រាវនេះបានចុះផ្សាយនៅទស្សនាវដ្តីស្រាវជ្រាវ Annals of the American Thoracic Society ដោយគេបានសិក្សាប្រៀបធៀបរវាងកុមារ និង ម្តាយចំនួនជាង ១០០០ គូ នៅក្នុងសហរដ្ឋអាមេរិក ។ បន្ថែមពីនេះតាមការសិក្សាស្រាវជ្រាវនេះគេក៏បានរកឃើញដែរថាជំងឺហឺត ក៏មានជាប់ទាក់ទងជាមួយនឹងជំងឺធាត់លើសទម្ងន់របស់កុមារផងដែរ ប្រសិនបើម្តាយរបស់ពួកគេពិសាភេសជ្ជៈផ្អែម និង មានជាតិស្ករខ្ពស់ក្នុងអំឡុងពេលពរពោះហើយវាក៏អាចបង្ករហានិភ័យឈានទៅកើតជំងឺរលាកសួតថែមទៀតផង ៕ សុផល (ប្រភព៖ Zeenews.com)