អ្នកបន្ទោបង់មានហូរឈ-ា.ម ច្រើនតែគិតថាកើតឫសដូងបាត ពេលខ្លះវាមិនមែនទេ តែវាជាបញ្ហាធំទាំងនេះត្រូវរកគ្រូពេទ្យជំនាញភ្លាម
បច្ចុប្បន្ន អ្នកកើតជំងឺឫសដូងបាតមានមិនតិចឡើយ ខណៈបុគ្គលមួយចំនួនបានកំពុងសម្ងំលាក់លៀមមិនហ៊ានជួបគ្រូពេទ្យ ក៏ព្រោះតែមានអារម្មណ៍ខ្មាសអៀន។ អាការៈឫសដូងបាតច្រើនតែបង្ហាញសញ្ញាហូរឈាមនៅពេលបន្ទោបង់ ប៉ុន្តែបើតាមការបកស្រាយរបស់ មន្ទីរពេទ្យកាល់ម៉ែត ការហូរឈាមពេលបន្ទោបង់មិនមែនសុទ្ធតែជាសញ្ញានៃជំងឺឫសដូងបាតនោះទេ តែវាជាសញ្ញានៃបញ្ហាធំទៅលើផ្នែកខាងក្នុងណាមួយដែលគួរតែប្រញាប់ទៅធ្វើរោគវិនិច្ឆយ។
ខាងមន្ទីរពេទ្យបានពន្យល់ថា ពិតណាស់ដែលការបន្ទោបង់មកមានឈាមក្រហម គឺមូលហេតុភាគច្រើនអាចបណ្តាលមកពីជំងឺឫសដូងបាត (Hemorrhoids bleeding) ឬអាចជាបញ្ហាផ្សេងនៅម្តុំបាតដូចជា ការដាច់រហែកភ្នាសបាត (Bleeding from anal fissure) ក៏ប៉ុន្តែយើងមិនបានដឹងទេថានៅពីក្រោយមូលហេតុទាំងពីរនេះ ក៏នៅមានមូលហេតុដ៏គ្រោះថ្នាក់ជាច្រើនទៀតដែលអាចឱ្យមានឈាមក្រហមពេលបន្ទោបង់នេះផងដែរ ហើយវាអាចបង្កភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតទៀតផង ។ ជាពិសេសគឺឈាមដែលបណ្តាលមកពីបញ្ហារលាកពោះវៀនធំ (Bleeding from the colon) ដែលក្នុងនោះមានមូលហេតុចម្បងៗដូចជា ៖ ដុំសាច់មហារីក (Colon cancer), ដុំសាច់ Polyp (Colonic polyp bleeding), ដំបៅពោះវៀនធំ (Colonic ulcer), ដំបៅពោះវៀនតូច (Typhoid Fever or other infection causes to the bowel part), ការហូរឈាមដែលបណ្តាលមកពី Colonic Diverticula ។ ល។
ដូច្នេះហើយទើបការដែលបន្ទោបង់លាមកមានឈាមក្រហមនេះសម្រាប់ក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត យើងតែងតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ហើយពេលខ្លះតម្រូវឱ្យមានការពិនិត្យ និងធ្វើរោគវិនិច្ឆយអំពីមូលហេតុនៃការធ្លាក់ឈាមនេះឱ្យបានច្បាស់លាស់បំផុត ដោយការពិនិត្យឆ្លុះសុងពោះវៀនធំ (Total colonoscopy) ដើម្បីរកមូលហេតុពិត និងបែងចែកថាការធ្លាក់ឈាមនេះមកពីពោះវៀនធំ ឬបញ្ហាបាតដូចបានបកស្រាយនៅខាងលើពីព្រោះថា ត្រឹមតែការពិនិ្យមើលឫសដូងបាត គឺយើងមិនអាចដឹងអំពីបញ្ហាពោះវៀនធំនេះឡើយ ហើយម្យ៉ាងមួយទៀតបើទោះជាមានជំងឺឫសដូងបាត ក៏នៅតែមិនប្រាកដដែរថាឈាមនោះមកពីផ្នែកខាងក្រោម ឬមកពីពោះវៀនធំនោះទេ ។
* ចំពោះការបន្ទោបង់មានឈាមដែលតម្រូវឱ្យធ្វើការឆ្លុះពិនិត្យពោះវៀនធំនេះគឺមានកត្តា និង រោគសញ្ញារួមផ្សំដូចជា៖
– អាយុលើសពី ៤៥ឆ្នាំឡើងទៅ (old age)
– បាត់បង់គ្រាប់ឈាមក្រហមច្រើន (Hb < 9g/l)
– មានអាការឈឺពោះរុំារ៉ៃ (Chronic abdominal pain)
– មានការស្រកទម្ងន់លឿន ឬ ខុសប្លែកពីធម្មតា (Weight lost or alteration)
– ក្រោយការពិនិត្យរាងកាយរបស់វេជ្ជបណ្ឌិតរកឃើញ ឬស្ទាបប៉ះដុំក្នុងពោះ (after physical examination)
– មានប្រវត្តិគ្រួសារដែលមានបញ្ហាដុំសាច់កាច ឬមហារីក (Family history of any cancer).
ជាសារដាស់តឿនចុងក្រោយជូនដល់បងប្អូនប្រជាជនទាំងអស់គ្នាពីក្រុមវេជ្ជបណ្ឌិតឯកទេស ចំពោះបញ្ហានៃការបន្ទោបង់មកមានឈាមក្រហម សូមឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និ ងមិនត្រូវភ័យខ្លាចក្នុងការធ្វើការពិនិត្យឆ្លុះពោះវៀនធំដើម្បីរកមូលហេតុ និង រោគវិនិច្ឆយនៃជំងឺឱ្យបានច្បាស់លាស់ ក្នុងគោលបំណងជៀសវាងភាពធ្ងន់ធ្ងរ ព្រមទាំងធ្វើការព្យាបាលបានចំគោលដៅ និង ទាន់ពេលវេលាផងដែរ៕