រដូវភ្លៀងដល់ហើយគួរប្រយ័ត្ន! វេជ្ជ. ហ៊ាង រតនា ថា មូសខាំមិនបង្កត្រឹមគ្រុនឈាមទេ តែអាចបង្កទៅជាជំងឺធ្ងន់ធ្ងរជាច្រើន
នៅតាមតំបន់មួយចំនួនស្ទើរទូទាំងប្រទេសកម្ពុជា ឱ្យតែរដូវវស្សាឈានចូលមកដល់ គេសង្កេតឃើញថាអត្រាអ្នកកើតជំងឺគ្រុនឈាម ងាយនឹងកើតមានជាទីបំផុត ដោយសារតែក្នុងរដូវនេះតែងមានទឹកដក់ជាហូរហែក្នុងបរវេណរស់នៅ ខណៈទឹកដក់នោះទៀតសោត គឺជាជម្រកដ៏សុខដុមនៃសត្វមូស ដែលងាយនឹងចេញមកខាំ បណ្ដាលឱ្យកើតជំងឺគ្រុនឈាមជាដើម។
ទន្ទឹមនឹងនោះផងដែរ បើតាមការឱ្យដឹងពីគ្រូពេទ្យជំនាញមួយរូប គឺលោកវេជ្ជ. វេជ្ជ. ហ៊ាង រតនា នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានបញ្ជាក់ឱ្យបានដឹងថា មូសខាំ មិនត្រឹមតែអាចបង្កទៅជា ជំងឺគ្រុនឈាមទេ តែជាក៏អាចបង្កជំងឺផ្សេងៗទៀត។
វេជ្ជបណ្ឌិតរូបនេះ បានបន្តថា ៖ «វាអាចបង្កទៅជាជំងឺរលាកខួរក្បាល ជំងឺគ្រុនចាញ់ គ្រុនឈីក ជំងឺស៊ីកា គ្រុនលឿង ជំងឺជើងដំរី….. ទៅតាមប្រភេទផ្សេងៗនៃសត្វមូស។ ចាប់ពីចូលដល់រដូវភ្លៀងនេះមកកើតមូសច្រើនណាស់ សូមប្រុងប្រយ័ត្នកូនតូចៗ»៕