យូរហើយទើបដឹង! អ្នកជំនាញប្រាប់ថា មិនគួរទុកពងមាន់-ទា នៅទ្វាទូទឹកកកទេ វិធីល្អគួរទុករបៀបនេះ
ស៊ុត ជាអាហារសម្បូរជីវជាតិផ្តល់ប្រូតេអ៊ីនច្រើន មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើនដូចជា វីតាមីន A, វីតាមីន B5, វីតាមីន B12, វីតាមីន B2 រួមជាមួយនឹងផូស្វ័រ កាល់ស្យូម និងស័ង្កសី ជាដើម។ ការទទួលទានស៊ុត គឺជាវិធីដ៏ល្អមួយដើម្បីបង្កើនកម្រិត HDL របស់អ្នក ដែលជាកូលេស្តេរ៉ុលល្អដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហាសុខភាពផ្សេងៗទៀត។
មិនត្រឹមតែល្អសម្រាប់សុខភាពប៉ុណ្ណោះទេ ស៊ុតថែមទាំងងាយស្រួលក្នុងការរៀបចំជាមុខម្ហូបជាច្រើនមុខ ដូច្នេះហើយទើបក្រុមគ្រួសារទូទៅតែងតែរក្សាទុកវានៅក្នុងទូទឹកកក ខណៈទ្វារទូទឹកកកជាកន្លែងដែលមនុស្សទូទៅតែងតែទុកស៊ុតនោះ បើតាមអ្នកជំនាញ បានឱ្យដឹងថា វិធីសាស្ត្ររក្សាទុកនេះមិនសមស្របនោះទេ។
បើតាមលោក Vlatka Lake នាយកផ្នែកលក់នៃក្រុមហ៊ុន Space Station Preservation Company បាននិយាយថា ទ្វារទូទឹកកក គឺជាតំបន់ដែលមានសីតុណ្ហភាពមិនស្ថិតស្ថេរបំផុត ដោយមានការប្រែប្រួលសីតុណ្ហភាពខុសប្រក្រតីដោយសារតែការបើក និងបិទទូទឹកកក ដូច្នេះប្រសិនបើលោកអ្នកទុកស៊ុតក្នុងទីតាំងនេះ ស៊ុតនឹងកាន់តែងាយខូចគុណភាព លើសពីនេះ ការបើក និង បិទទ្វារទូទឹកកក ញឹកញាប់ បានបង្ខំឱ្យពងមាន់ញ័រ នាំឱ្យគុណភាពធ្លាក់ចុះ។
ស្របគ្នានេះ លោកវេជ្ជបណ្ឌិតវៀតណាម Ta Tung Duy ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ទោះបីជាទ្វារទូទឹកកកជាកន្លែងដែលមនុស្សតែងតែទុកស៊ុតក៏ដោយ ប៉ុន្តែកន្លែងនេះតែងតែផ្លាស់ប្តូរសីតុណ្ហភាពនៅពេលបើកបិទម្ដងៗ ជាហេតុធ្វើឱ្យបាក់តេរីងាយលូតលាស់ និងធ្វើឱ្យស្រទាប់ការពាររបស់ស៊ុតចុះខ្សោយ បង្កើនហានិភ័យនៃការឆ្លងមេរោគបាក់តេរី ដែលបណ្តាលឱ្យស៊ុតខូចគុណភាពយ៉ាងឆាប់រហ័ស។
ដូច្នេះហើយ មធ្យោបាយដ៏ល្អបំផុតដើម្បីរក្សាស៊ុតឱ្យមានគុណភាព គឺត្រូវដាក់វានៅក្នុងប្រអប់មួយដោយមានគម្របបិទជិត ដើម្បីជៀសវាងការស្រូបយកក្លិន និងសារជាតិនៃអាហារផ្សេងទៀតនៅក្នុងទូទឹកកក។ ថាស/ប្រអប់ដាក់ស៊ុត គួរតែដាក់នៅកណ្តាល ឬជ្រៅនៃទូទឹកកក ហើយសីតុណ្ហភាពគួររក្សាស្ថិរភាពក្រោម 20 អង្សាសេជានិច្ច។ជាពិសេសបើស៊ុតដែលទិញមកពិកសិដ្ឋាន ឬផ្សារទូទៅដែលពុំមានការសម្អាតត្រឹមត្រូវ អ្នកគួរតែសម្អាតវាជាមួយទឹក ឫទឹកអំបិលជាមុន មុននឹងដាក់ក្នុងទូរទឹកកក ប៉ុន្តែប្រសិនបើទិញវាពីផ្សារទំនើប មិនចាំបាច់លាងក៏បានដោយសារតែគេបានប្រើប្រាស់សារធាតុការពារមេរោគស្រាប់៕
ប្រភព ៖ Phunutoday