គិតទៅ ផ្លែល្ហុង មានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព ញុំាកាន់តែច្រើនកាន់តែល្អ
អត្ថប្រយោជន៍ចំពោះសុខភាពនៃផ្លែឈើមួយនេះគឺវាមានរស់ជាតិផ្អែមឆ្ងាញ់ ។ យោងទៅតាមការស្រាវជ្រាវបានឲ្យដឹងថា ការញ៉ាំផ្លែល្ហុងទៀងទាត់អាចកាត់បន្ថយការប្រឈមជំងឺបេះដូង ទឹកនោមផ្អែម និង មហារីក ។ លើសពីនេះទៅទៀត ល្ហុង មានប្រយោជន៍ខ្ពស់ក្នុងការពង្រឹងដល់សុខភាពប្រព័ន្ធរំលាយអាហារ និង គ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នកជំងឺទឹកនោមផ្អែម បញ្ចុះសម្ពាធឈាម និង ជំរុញដល់ការជាសះស្បើយរបស់របួស ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ផ្លែល្ហុងមានវីតាមីន C ខ្ពស់ទោះបីជាវាមិនមែនជាផ្លែឈើមានរស់ជាតិជូរក៏ដោយ ។ តាមពិត ផ្លែល្ហុងមានវីតាមីន C រហូតដល់ ១៤៤ ភាគរយនៃតម្រូវការប្រចាំថ្ងៃរបស់មនុស្ស ដូច្នេះវានឹងធ្វើឲ្យមនុស្សអាចប្រឆាំងនឹងការបង្ករោគ និង រ៉ាឌីកាលសេរីបាន ព្រោះវីតាមីន C ដើរតួនាទីជាអង់ទីអុកស៊ីដង់ដ៏ពូកែ ។
ផ្លែឈើមួយនេះជាប្រភពដ៏ល្អមួយនៃវីតាមីន A ដែលវាមានសារៈសំខាន់សម្រាប់សុខភាពស្បែក និង ភ្នាស់ទឹករំអិល ។ តាមពិត វីតាមីន A ក៏មានប្រយោជន៍ក្នុងការពង្រឹង និង ថែរក្សាសុខភាពភ្នែកដែរ ។ ល្ហុងមានចំនួនសារធាតុ Folate ជាតិសរសៃ និង ប៉ូតាស្យូមខ្ពស់ ដែលវាអាចគ្រប់គ្រាន់ក្នុងការកាត់បន្ថយការលើសសម្ពាធឈាម ។ ជាតិប៉ូតាស្យូម អាចគ្រប់គ្រងចង្វាក់បេះដូង និង បន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងជោគជ័យ ។
ល្ហុងជាប្រភពដ៏ល្អមួយនៃសារធាតុ Flavonoids ដូចជា Beta-carotene, Zeaxanthin, Cryptoxanthin និង Lutein ដែលវាទាំងអស់នេះសុទ្ធតែជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លា និង អាចប្រឆាំងនឹងរ៉ាឌីកាលសេរីបានយ៉ាងជោគជ័យ ។ ការសិក្សាជាច្រើនបានបញ្ជាក់ថា សារធាតុ Beta-carotene អាចការពារមិនឲ្យកើតជំងឺមហារីក ជាពិសេសមហារីកមាត់ និង សួតតែម្តង ។ ល្ហុងក៏មានវីតាមីន B កំផ្លេចដែរ ដូចជា Folate, Riboflavin, Thiamin និង Pyridoxine ដែលវាសុទ្ធសឹងតែមានសារៈសំខាន់សម្រាប់មុខងាររាងកាយ ព្រោះយើងមិនអាចផលិតវាបានដោយខ្លួនឯងឡើយ ។ ការញ៉ាំផ្លែល្ហុងទៀងទាត់អាចផ្គត់ផ្គង់វីតាមីនទាំងនេះបានយ៉ាងល្អ ។
ផ្លែល្ហុងអាចពង្រឹងដល់សុខភាពជាច្រើន ។ ការញ៉ាំល្ហុងទៀងទាត់អាចជួយលុបបំបាត់បញ្ហាជាច្រើនដូចជា ជំងឺបេះដូង ជំងឺរលាកសន្លាក់បែប Rheumatoid Arthritis និង ជំងឺក្រិនរឹងសរសៃឈាម ។ ក្រៅពីនេះ ល្ហុងមានប្រយោជន៍ខ្លាំងសម្រាប់ទ្រទ្រង់ប្រព័ន្ធភាពស៊ាំ និងរំលាយអាហារ ។ ក្រៅពីការពារខ្លួនពីជំងឺមហារីក សារធាតុ Flavonoids ក្នុងផ្លែល្ហុងក៏អាចបង្ការភាពចាស់មុនអាយុ និង ជំងឺទាក់ទងនឹងភាពចាស់ផ្សេងៗទៀតដែរ។ មិនខ្វល់ថាអ្នកញ៉ាំវារបៀបម៉េចទេ ទាំងផ្លែខ្ចី និង ទុំសុទ្ធតែផ្តល់នូវអត្ថប្រយោជន៍ចំពោះសុខភាពច្រើនទាំងអស់ ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ healthyfoodteam