ស្រ្តីមានផ្ទៃពោះឡើងជាតិស្ករក្នុងឈាម អាចបង្កជំងឺបេះដូងដល់ទារក
យោងតាមការសិក្សាថ្មីមួយដែលដឹកនាំដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Stanford University School of Medicine បានឱ្យដឹងថាកម្រិតជាតិស្ករក្នុងឈាមកើនខ្ពស់ក្នុងពេលមានផ្ទៃពោះ ក៏អាចបង្កើនហានិភ័យនៃជំងឺបេះដូងទៅដល់ទារកដែលទើបកើតផងដែរ សូម្បីតែស្ត្រីដែលមានផ្ទៃពោះមិនមានបញ្ហាជំងឺទឹកនោមផ្អែមក្តី ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយគ្រូពេទ្យបានប្រាប់ឱ្យដឹងថា ស្ត្រីដែលមានជំងឺទឹកនោមផ្អែមច្រើនប្រឈម និង បង្កហានិភ័យខ្ពស់នៅពេលសម្រាលកូន និង អាចប៉ះពាល់ដល់សុខភាពបេះដូងរបស់ទារកថែមទៀតផង ។ ហើយតាមការស្រាវជ្រាវមួយចំនួនកាលពីពេលថ្មីៗនេះ បង្ហាញថាបញ្ហាជំងឺបេះដូងរបស់ទារក អាចបណ្តលមកពីការឡើងកម្រិតជាតិស្ករក្នុងឈាមរបស់ម្តាយផងដែរ ។
អ្នកស្រាវជ្រាវបានរកឃើញថាចំពោះស្ត្រីដែលមិនមានជំងឺទឹកនោមផ្អែមឬមានជំងឺទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះក្តី គឺនៅតែអាចបង្កហានិភ័យដដែលទៅលើទារក ជាពិសេសក្នុងអំឡុងពេលត្រីមាសទី ១ នៃការពពោះ ប្រសិនបើពួកគេពិសាអាហារមានជាតិផ្អែមពេក ៕ សុផល (ប្រភព៖ sciencedaily.com)