តាមពិត ផេន ខេក និង គូស្នេហ៍ចាស់ដែលបានសុំរៀបការបែកគ្នាមួយរយៈហើយ ទើបមកថត Pre-Wedding ជាមួយអ្នកថ្មី
ជុំវិញរឿងរ៉ាវទំនាក់ទំនងស្នេហារវាងតារាភេទទី ៣ ផេន ខេក និង គូស្នេហ៍រូបសង្ហាឈ្មោះ Key No ក្រោយពីបានសាងស្នេហ៍យ៉ាងផ្អែមល្ហែម និង ស្វែងយល់ចិត្តគ្នារយៈពេលជាង ១ ឆ្នាំ កាលពីចុងខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ក៏បានធ្វើឱ្យមហាជនរំភើបជំនួស ខណៈលោក Key No បាន Surprise ផេន ខេក សុំរៀបការយ៉ាងរ៉ូមែនទិក។
ដោយឡែក ក្រោយពីត្រូវបានគូស្នេហ៍ Surprise សុំរៀបការប៉ុន្មានខែ ស្រាប់តែថ្មីៗនេះ ផេន ខេក ធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ និង មានចម្ងល់ខ្លាំង ខណៈបានឃើញនាងបង្ហោះរូបភាពស្និទ្ធស្នាលនឹងបុរសរូបសង្ហាម្នាក់ទៀត ថែមទាំងឃើញបង្ហាញរូបភាពថត Pre-Wedding ជាមួយគ្នាទៀតផង។
ស្របពេលផ្ទុះចម្ងល់ពីមហាជនជុំវិញរឿងស្នេហារវាង ផេន ខេក និង លោក Key No នេះដែរ ក្រឡេកទៅចាប់អារម្មណ៍លើហ្វេសប៊ុករបស់លោក Key No ទើបដឹងថាលោក និង ផេន ខេក បានប្រកាសជាសាធារណៈឱ្យដឹងថាអ្នកទាំងពីរបានចែកផ្លូវគ្នាហើយ គឺដោយសន្តិវិធី និង បន្តរាប់អានគ្នាធម្មតាដូចកាលពីមុនវិញ។
ក្នុងនោះ លោក Key No បានរៀបរាប់ថា ៖ «ជួប បែកគឺជារឿងធម្មតា សំខាន់លើយើងថាចង់នៅលើទំទាក់ទំនងមួយណា ឈ្លោះគ្នា ខឹងគ្នា មិននិយាយរកគ្នាក៏ពួកខ្ញុំមិនបង្ហាញ ព្រោះគិតថាវាជារឿងមួយដែលមិនស័ក្តិសមនឹងបង្ហាញ មកដល់ពេលនេះគាត់ក៏មានដៃគូថ្មីដែលល្អ មើលថែ ការពារ នេះហើយជាក្ដីសុខរបស់ខ្ញុំ ព្រោះខ្ញុំតែងតែនិយាយថា ចង់ឃើញមនុស្សដែលស្រឡាញ់មានក្ដីសុខ។ ត្រឡប់មកទំនាក់ទំនង ម៉ែកូន ដូចដើមទើបពួកយើងគ្មានរឿងឈ្លោះគ្នា PanCake។ Note ៖ ការផុសនេះក៏មិនមែនជាការទាក់ទាញចំណាប់អារម្មណ៍ ឬ ជាការទាញយកផលប្រយោជន៍អ្វីទាំងអស់ ផុសនេះព្រោះមានការ chat សួរនាំជាច្រើនពីបងប្អូន»។
ជាមួយគ្នានោះដែរ ផេន ខេក ក៏បានចែករំលែកបន្តភ្ជាប់ជាមួយសារបង្ហាញឱ្យឃើញពីទំនាក់ទំនងរវាងអ្នកទាំងពីរ គឺនៅរាប់អានគ្នាធម្មតាថា ៖ «ប៉ុន្តែកុំភ្លេចនៅបារម្ភពីខ្ញុំដូចដើមណា៎ ឮអត់»៕