បើយើងក្រឡេកទៅមើលតាមដងវិថីមួយចំនួន តាមបណ្ដារាជធានីខេត្តនៅកម្ពុជា ក្នុងរដូវកាលដែលពិធីបុណ្យអុំទូកខិតជិតមកដល់ គេនឹងសង្កេតឃើញរុក្ខជាតិមួយប្រភេទ មានដើមធំក្រាស់ ផ្កាមានសណ្ឋានជាកញ្ចុំពណ៌ស រីកស្គុសស្គាយ មានស្លឹកស្រដៀងផ្កាចំប៉ី ជះក្លិនសាយភាយខ្លាំងនៅពេលយប់ ជាពិសេសនៅពេលមានខ្យល់បក់។
ផ្កានេះត្រូវបានគេស្គាល់ថាជាផ្កាមួយប្រភេទស្ថិតក្នុងអម្បូរ APOCYNACEAE មានឈ្មោះជាភាសាខ្មែរថា សត្បា ឬ អំបែងថ្ងៃ ឬ ខិតប័ណ្ណមានឈ្មោះឡាតាំង Alstonia scholaris ដែលត្រូវបានគេដាំព្រោងព្រាតនៅតាមដងវិថីសម្រាប់លម្អ ព្រមទាំងផ្ដល់ជាម្លប់សម្រាប់អ្នកធ្វើដំណើរនៅតាមដងវិថី និង នៅក្នុងទីវត្តអារាមនានាផងដែរ។
ដោយឡែក បើនិយាយពីក្លិនរបស់រុក្ខជាតិប្រភេទនេះវិញ តែងជះសាយភាយក្លិនយ៉ាងខ្លាំងនៅពេលរាត្រីមកដល់ ខណៈក្លិនបែបនេះត្រូវបានមហាជនមួយចំនួនយល់ឃើញថា មានក្លិនអាក្រក់ឆួលងំ អាចធ្វើឱ្យឈឺក្បាលទៀតផង។ ទន្ទឹមនោះ ក៏មានមនុស្សមួយចំនួនទៀតឱ្យដឹងថា ផ្កាប្រភេទនេះមានក្លិនភាយក្រអូបផងដែរ ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។
អ្វីដែលកាន់តែពិសេសទៀតនោះ បើតាមការឱ្យដឹងពីផេក ឱសថបុរាណខ្មែរ ផ្កាប្រភេទនេះ មានសម្បកដើម ស្លឹក និង ជ័រ អាចប្រើប្រាស់បានកបនឹងជំងឺផ្សេងៗដូចជា ៖
-ស្លឹក ៖ គ្រុនផ្ដាសាយ។
-ជ័រ ៖ ឈឺធ្មេញបណ្ដាលមកពីពុកធ្មេញ បន្សាបជាតិពុល បូស។
-សម្បកដើម ៖ រលាកផ្លូវដង្ហើម គ្រុនក្ដៅ ក្អក ចុកពោះ អាហារមិនរលាយ រាករ៉ាំរ៉ៃ មួល ឫសដូងបាត ស្លេកស្លាំងខ្វះគ្រាប់ឈាម រដូវធ្វើទុក ឃ្លង់ បូស រមាស់ដំបៅរ៉ាំរ៉ៃ រោគបេះដូង ជំនួយទឹកដោះ ខ្សោយកំលាំង ទឹកនោមផ្អែម គ្រុនចាញ់ រំលាយស្លេស្ម៍ ឈឺធ្មេញ (ដង្កូវស៊ី)។
កម្រិតប្រើ ៖ (សម្បក) 1g-3g ស្ងោរផឹក ម្សៅ ឬ ត្រាំស្រា៕