គួរប្រយ័ត្ន! នៅជប៉ុន មានករណីក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់ បានស្ល-ា//ប់ពេលកំពុងវះកាត់ធ្មេញថ្គាមទាល់
ថ្មីៗនេះ មានករណីក្មេងប្រុសជនជាតិជប៉ុន វ័យ ១៧ ឆ្នាំម្នាក់បានស្លាប់ទាំងក្មេងខ្ចី ព្រោះតែការខ្វះបច្ចេកទេសរបស់ទន្តពេទ្យដោយមិនបានយកចិត្តទុកដាក់ឱ្យដិតដល់។ តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនេះមានឈ្មោះ Yuta Tomikawa មានវ័យ ១៧ ឆ្នាំ ជាសិស្ស ហើយគេបានទៅទទួលសេវាកម្មដកធ្មេញទាល់នៅគ្លីនិកធ្មេញមួយកន្លែងនាទីក្រុងអូសាកា ដែលបានបើកមកតាំងពីឆ្នាំ ២០០៨។
តាមព័ត៌មានបានបង្ហាញទៀតថា ការវះកាត់នេះមានគ្រូពេទ្យ ២ នាក់ ជាអ្នកវះកាត់ ហើយក្មេងប្រុសខាងលើត្រូវបានគេដាក់ថ្នាំសន្លប់ជាមុនសិន មុននឹងធ្វើការវះកាត់។ Yuta ត្រូវបានគេដាក់អុកស៊ីសែនឱ្យនៅខណៈពេលវះកាត់ ប៉ុន្តែខាងគ្រូពេទ្យមិនបានយកចិត្តទុកដាក់មើលអុកស៊ីសែននោះត្រឹមត្រូវឡើយ រហូតដល់ Yuta មានអាការខុសធម្មតា ។ លើសពីនេះ គ្រូពេទ្យក៏បានមិនបានបញ្ជូន Yuta ទៅសង្គ្រោះឱ្យទាន់ពេលវេលាទៀតផង។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងបន្ថែមថា Yuta បានបាត់បង់ជីវិតដោយសារការខ្វះអុកស៊ីនៅក្នុងខួរក្បាល ពោលគឺបំពង់អុកស៊ីសែនបានរបូតចេញ ធ្វើឱ្យរូបគេមិនមានអុកស៊ីសែនគ្រប់គ្រាន់។ ចុងក្រោយគ្រូពេទ្យទាំងពីរនាក់ ក៏ត្រូវគេចោទប្រកាន់ក្នុងករណីបទមានការធ្វេសប្រហែសបណ្ដាលឲ្យអ្នកជំងឺស្លាប់ផងដែរ៕