មានកម្មវិធីម្តងៗ គេតែងនិយាយពី Dress code ដឹងអត់វាជាអ្វី? តើវាពិតជាចំាបាច់ឬ?
បច្ចុប្បន្ន ប្រជាជនកម្ពុជាយើងចាប់ផ្តើមយល់ដឹងកាន់តែច្រើនអំពីរបៀបនៃការស្លៀកពាក់ ជាក់ស្តែង មុនពេលចូលរួមកម្មវិធី ឬ ទៅបង្ហាញខ្លួននៅឱកាសណាមួយ ម្នាក់ៗតែងរិះគិតថា តើគួរស្លៀកពាក់អ្វី? ស្លៀកពាក់បែបណា? ស្លៀកពាក់យ៉ាងម៉េចឱ្យចុះចំណោមនឹងគេ? ជាការពិតណាស់ សំណួរទាំងនេះសុទ្ធតែពាក់ព័ន្ធទៅនឹង Dress code ដែលវាពិតជាមានសារសំខាន់នៅក្នុងការរៀបចំខ្លួន។
ការយល់ដឹងអំពី Dress code អាចធ្វើឱ្យមនុស្សម្នាក់មានទំនុកចិត្តជាងមុន ក្លាហានជាងមុន មានឱកាសច្រើនជាងមុន មានភាពច្នៃប្រតិដ្ឋខ្ពស់ ហើយក៏ក្លាយជាមនុស្សម្នាក់ដែលទាន់សម័យផងដែរ។ ដូច្នេះ តើអ្វីទៅជា Dress code ? ហេតុអ្វីវាពិតជាចាំបាច់នៅក្នុងរបៀបរស់នៅប្រចាំថ្ងៃ?
Dress code ឬ កូដសម្លៀកបំពាក់ គឺជាការកំណត់ការស្លៀកពាក់មួយ ដែលបង្កើតឡើងដើម្បីឱ្យនរណាម្នាក់ធ្វើការស្លៀកពាក់ទៅតាមបរិបទ ឬ កាលៈទេសៈជាក់លាក់មួយ។ វាធ្វើឡើងទៅតាមមជ្ឈដ្ឋានមិនថាលក្ខណៈបែបអាជីព បែបសិស្ស និស្សិត ឬ ការកំណត់របស់សង្គម។ ជាឧទាហរណ៍ កូដសម្លៀកបំពាក់សម្រាប់កន្លែងធ្វើការ គេអាចកំណត់ឱ្យស្លៀកពាក់ទៅតាមច្បាប់របស់ស្ថាប័ន ឬ ក្រុមហ៊ុន អាចជាឯកសណ្ឋានក្រុមហ៊ុន អាចជាបែបធុរជនផ្លូវការ (business formal) អាចជាឈុតក្រវាត់កពណ៌ខ្មៅ (black tie) ឬ សាមញ្ញនិយមបែបស្ទីលផ្ទាល់ខ្លួន (casual) ជាដើម។
កូដសម្លៀកបំពាក់មួយចំនួនខាងលើ គេមិនត្រឹមតែប្រើសម្រាប់កន្លែងធ្វើការនោះទេ តែគេក៏ប្រើសម្រាប់ការចូលរួមកម្មវិធីផងដែរ។ តួយ៉ាង ដូចជាការស្លៀកពាក់ កូដ black tie និង កូដ business formal វាត្រូវបានប្រើសម្រាប់កម្មវិធីធំៗដែលអញ្ជើញភ្ញៀវលំដាប់ខ្ពស់។ ចំពោះកម្មវិធី គេតែងកំណត់យកកូដសម្លៀកបំពាក់ណាមួយដែលស៊ីមេទ្រីនឹងស្ទីលរបស់កម្មវិធី ឬ លំដាប់នៃកម្មវិធី។
ចុះតើយើងអាចដឹងកូដសម្លៀកបំពាក់ដោយរបៀបណា? ដូចបានរៀបរាប់នៅខាងដើម ជាទូទៅ Dress code ត្រូវបានកំណត់ដោយអ្នករៀបចំនៃស្ថាប័នឬកម្មវិធីណាមួយ។ បើសម្រាប់សិស្ស និស្សិត សាលាគឺជាអ្នកកំណត់។ បើអ្នកធ្វើការ គឺក្រុមហ៊ុន ឬ ស្ថាប័នជាអ្នកកំណត់។ បើកម្មវិធី ពិតណាស់ម្ចាស់កម្មវិធីជាអ្នកកំណត់។ ចំពោះកម្មវិធី គេអាចប្រាប់ពីកូដសម្លៀកបំពាក់នៅលើសំបុត្រអញ្ជើញ បើនៅលើអនឡាញគេនឹងភ្ជាប់មកជាមួយព័ត៌មានលម្អិត។
យ៉ាងណាមិញ មានកត្តាមួយចំនួនដែលមានឥទ្ធិពលទៅលើការប្រើកូដសម្លៀកបំពាក់ផងដែរ។ ក្នុងនោះរួមមានកត្តា ទីតាំង គោលបំណងរបស់កម្មវិធី វប្បធម៌ ឬ បដ្ឋានសង្គម បូករួមជាមួយកត្តាអាកាសធាតុ។ លើកជាឧទាហរណ៍ បើចូលរួមកម្មវិធីមួយដែលគេប្រកាន់ខ្ជាប់ប្រពៃណី យើងគួរកុំស្លៀកពាក់សិចស៊ី ឬ មានចំណុចណាមួយដែលប៉ះពាល់ដល់ប្រពៃណីរបស់ពួកគេ។ បើកម្មវិធីធ្វើឡើងនៅទីតាំងខាងក្រៅ ដូចជាការរៀបការនៅមាត់សមុទ្រ យើងគួរស្លៀកពាក់យ៉ាងណាឱ្យស្រួលខ្លួនហើយត្រូវនឹងបរិយាកាស តែវាក៏ស្ថិតនៅក្នុងកូដសម្លៀកបំពាក់ដែលគេបានកំណត់ផងដែរ។
ជារួមមក Dress Code គឺជាតម្រុយមួយដែលអាចឱ្យយើងដឹងអំពីរបៀបនៃការស្លៀកពាក់ជាក់លាក់ណាមួយ។ កាលណាយើងយល់ច្បាស់ពី Dress code ការស្លៀកពាក់របស់យើងក៏ចាប់ផ្តើមមានរបៀប មានស្ទីល ជាពិសេសរាល់ពេលចូលរួមកម្មវិធី យើងនឹងមិនបារម្ភខ្លាចធ្វើខ្លួនមើលទៅឆ្គងឬមិនចុះចំណោមនឹងគេឡើយ។ និយាយឱ្យខ្លី យើងដឹងនូវអ្វីដែលត្រូវស្លៀក ហើយដឹងថាស្លៀកវានៅពេលណា។ ឥទ្ធិពលនៃស្លៀកពាក់អាចទាក់ទាញឱកាសច្រើន ដូចឃើញនៅក្នុងជីវិតប្រចាំថ្ងៃ មនុស្សរៀបចំខ្លួនទៅសម្ភាសការងារ ទៅជួបដៃគូជំនួញ ណាត់ជួបអតិថិជន ឬជួបជុំបង្កើតទំនាក់ទំនងនៅក្នុងសង្គមជាដើម។ កាលណារៀបចំខ្លួនត្រូវតាមកាលៈទេសៈ វានឹងបង្កើនថាមពលចរចាឬក៏ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។ ហេតុដូច្នេះ Dress code គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងរបៀបរស់នៅប្រចាំថ្ងៃ ជាពិសេស ក្នុងសម័យដែលសង្គមចាប់ផ្តើមស្គាល់ពាក្យថាហ្វេហ្សិននេះតែម្តង៕