៣ ថ្ងៃនៅខេត្តមណ្ឌលគិរី បុណ្យភូមិមានជើង នាំអ្នកចូលរួម ១ ម៉ឺន ៥ ពាន់នាក់ ឱ្យស្គាល់តំបន់ និងយល់ដឹងពីវប្បធម៌ជនជាតិដើមភាគតិច
រយ:ពេល ៣ ថ្ងៃ នៃមហោស្រពសិល្ប: បុណ្យភូមិមានជើងនៅខេត្តមណ្ឌលគិរី បានបញ្ចប់ទៅយ៉ាងរលូនដោយមានអ្នកទៅចូលរួមលេងកម្សាន្តរហូតដល់ទៅ ១ ម៉ឺន ៥ ពាន់នាក់ ដោយបានស្វែងយល់ពីវប្បធម៌ ប្រពៃណីជនជាតិដើមភាគតិច ចូលរួមលេងល្បែងកំសាន្ត ភ្លក់ម្ហូបឆ្ងាញ់របស់ជនជាតិដើម ព្រមទាំងទស្សនាតំបន់ទេសចរណ៍នៅខេត្តមណ្ឌលគិរីជាច្រើនកន្លែង។
កញ្ញា រិទ្ធី លំអពេជ្រ សហស្ថាបនិកបុណ្យភូមិបានលើកឡើងថា៖ «បេសកម្មរបស់ខ្លួននៅខេត្តមណ្ឌលគិរី សង្ឃឹមថាវានឹងក្លាយជាការបើកទំព័រមួយ ដល់កម្មវិធីយុវជនផ្សេងៗចូលមកខេត្តមណ្ឌលគិរី ក៏ដូចជាបណ្តាខេត្តផ្សេងទៀតនៅភូមិភាគឦសាន។បងប្អូនជនជាតិដើមភាគតិច ពិតជាត្រូវការយើង ដើម្បីនាំយកសំឡេង និង ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់ពួកគាត់។ នៅដល់ទីណាក៏ដោយ យើងរស់នៅទឹកដី ខ្មែរតែមួយ»។
កញ្ញាបន្តថា៖ «បេសកកម្មរបស់មហោស្រពសិល្បៈបុណ្យភូមិមានជើង គឺនឹងធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងដាច់ស្រយាលទាំងឡាយណា ដែលប្រជាជនកម្ពុជាគាត់មិនដែលសូវបានចាប់អារម្មណ៍»។
គួររំឭកថា បុណ្យភូមិមានជើង នៅខេត្តមណ្ឌលគិរី បានធ្វើឡើងរយ:ពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ២២ ដល់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយមានការរៀបចំដោយ ភ្លើងគប់ និង បុណ្យភូមិ សហការជាមួយអង្គការ Unicef ប្រចាំប្រទេសកម្ពុជា និង ម្ចាស់ឧបត្ថមផ្សេងទៀត។ ក្នុងនោះ បុណ្យភូមិមានជើង សង្ឃឹមថានឹងបន្តបេសកម្ម ដើម្បីផ្សព្ធផ្សាយពីសិល្ប: វប្បធម៌ និង ទេសចរណ៍នៃខេត្តដទៃបន្តទៀតនៅឆ្នាំក្រោយ៕