ពន្លឺសង្ឃឹម! សប្បុរសជនជាច្រើន ខ្នះខ្នែងចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយដល់តារាកំប្លែង នាយតាក់ស៊ី កំពុងឈឺធ្ងន់
កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ មហាជននិយមតាមដានរឿងរ៉ាវសិល្បៈ មានការភ្ញាក់ផ្អើលជាថ្មី ក្រោយទទួលបានដំណឹងសុខភាពរបស់តារាកំប្លែង នាយ តាក់ស៊ី តាមរយៈការបង្ហោះពីលោក សាវិន ហ្វីលីព ជម្រាបជូនពីស្ថានភាពជំងឺរបស់លោកនាពេលនេះ គឺគ្រូពេទ្យឱ្យជម្រើសចុងក្រោយ ២ គឺត្រូវលាងឈាម ៣ ដងក្នុងមួយអាទិត្យ និង មួយទៀតត្រូវវះកាត់ប្ដូរក្រលៀន។
ក្នុងនោះ លោក សាវិន ហ្វីលីព បានប្រាប់ពីស្ថានភាពជំងឺរបស់ នាយ តាក់ស៊ី ជាថ្មី ដោយពេលនេះ នាយ តាក់ស៊ី កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមាលា ដោយសារជំងឺទឹកនោមផ្អែម បណ្តាលឱ្យខូចក្រលៀន។ លើសពីនោះ អ្វីដែលកាន់តែធ្វើឱ្យមហាជន និង មិត្តក្នុងសិល្បករមានការព្រួយបារម្ភកាន់តែខ្លាំង គឺលោក សាវិន ហ្វីលីព បានបន្ថែមថា នាយ តាក់ស៊ី ក៏មានទឹកដក់ក្នុងសួត និង ត្រូវការថវិកាច្រើនក្នុងការព្យាបាលទៀតផង។
ក្រោយពីទទួលបានដំណឹងខាងលើនេះ មហាជន និង មិត្តក្នុង ក្រៅសិល្បៈជាច្រើនបានសួរសុខទុក្ខ និង ជួយជាថវិកាជាបន្តបន្ទាប់ ដើម្បីជួយដល់ការព្យាបាលរបស់ នាយ តាក់ស៊ី ផងដែរ។
ដោយឡែក សមាគមសិល្បករខ្មែរ ក៏បានជូនដំណឹងដល់មហាជន ក្នុងការចូលរួមបរិច្ចាគចថវិកា ដើម្បីរំលែកការលំបាកតារាកំប្លែង តាក់ស៊ី ដូចគ្នាដែរ ដោយ សមាគមសិល្បករខ្មែរ បានបញ្ជាក់ថា៖ «សមាគមជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ និងមានសិល្បករចាស់ជរាជាច្រើនទៀតត្រូវយកចិត្តទុកដាក់គាំពារផងនោះ ដូច្នេះសមាគមពុំមានលទ្ធភាពច្រើនក្នុងការជួយដល់តារាកំប្លែងនាយ តាក់ស៊ី នោះទេ»។
តាមសេចក្តីជូនដំណឹងលម្អិតរបស់ សមាគមសិល្បករខ្មែរ បានជម្រាបថា៖ «សេចក្ដីជូនដំណឹង! ក្រុមការងារសមាគមសិល្បករខ្មែរ នឹងនាំយកនូវថវិកាមួយចំនួនរបស់សមាគម ដើម្បីជូនដល់ក្រុមគ្រួសារតារាកំប្លែងលោក ប៉ុល សារឿង ហៅនាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ដោយសារសមាគមជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ និង មានសិល្បករចាស់ជរាជាច្រើនទៀតត្រូវយកចិត្តទុកដាក់គាំពារផងនោះ ដូច្នេះសមាគមពុំមានលទ្ធភាពច្រើនក្នុងការជួយដល់តារាកំប្លែងនាយ តាក់ស៊ី នោះទេ។ អាស្រ័យហេតុនេះ សមាគមសិល្បករខ្មែរ សូមអំពាវនាវដល់សប្បុរសជន ជាពិសេសមហាជន ដែលតែងតែមានការគាំទ្រចំពោះតារាកំប្លែងរូបនេះ អាចចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព ដើម្បីរំលែកការលំបាកលើការចំណាយដ៏ច្រើនរបស់ក្រុមគ្រួសារក្នុងការព្យាបាលថែទាំជំងឺរបស់នាយ តាក់ស៊ី តាមរយៈសមាគមសិល្បករខ្មែរ ដែលមានគណនីធនាគារដូចខាងក្រោមនេះ។ សូមគោរពអរគុណ និងអរគុណ»៕