ទើបធ្លាក់ខ្យល់ តែក្រសួងប្រកាសថា កម្ពុជាទទួលឥទ្ធិពលព្យុះទី ២៤ ឈ្មោះ «មែនយី» វិវត្តទៅជាព្យុះសង្ឃរា អាចមានភ្លៀងធ្លាក់ ដល់ថ្ងៃទី ២០
នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យបានដឹងថា ព្យុះទី ២៤ ឈ្មោះ មែនយី (Man-yi) ដែលស្ថិតនៅសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះសង្ឃរា និង នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និង គ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និង លើព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ព្យុះសង្ឃរានេះ ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ មានលក្ខណៈដូចតទៅ ៖
១. តំបន់វាលទំនាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសឦសាន និង ទិសបូព៌មានល្បឿនមធ្យម ៤,៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និង ភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១០%។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និង ទិសបូព៌ មានល្បឿនមធ្យម ៣,៥ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និង ជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ៥%។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និង ទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣,៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១០%។
– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,២៥ ម៉ែត្រ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖