អ្នកគ្រូ ស សុម៉ាលី ម្ដាយ ម៉ឺន មេឃា បង្ហោះសារសម្ដែងការសុំទោស និង សុំចប់ត្រឹមនេះ ព្រមទាំងធ្វើរឿងមួយតាមបងប្អូនណែនាំ
កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ មានការប្រកួតកម្មវិធីប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់មួយនៅស្ថានីយទូរទស្សន៍ PNN ដែលក្នុងនោះ មានជំនួបដណ្ដើមខ្សែក្រវាត់រវាងកីឡាករ ម៉ឺន មេឃា និងកីឡាករ ចាន់ ប៊ុនហឿន ដែលមានភាពចម្រូងចម្រាស់ជជែកវែក ក្រោយអាជ្ញាកណ្ដាលបានសម្រេចចិត្តបញ្ឈប់ការប្រកួត និង ប្រគល់ជ័យជំនះខ្សែក្រវាត់ទៅកាន់កីឡាករ ចាន់ ប៊ុនហឿន។
ក្រោយពីមានការជជែកវែកញែក និង ចម្រូងចម្រាស់បន្តិចបន្តួចនោះមក នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ នេះ តាមរយៈគណនីអ្នកគ្រូ ស សុម៉ាលី ត្រូវជាម្ដាយរបស់កីឡាករ ម៉ឺន មេឃា បានបង្ហោះសារឱ្យដឹងថា ៖ «រឿងអ្វីៗដែលកើតឡើងម្សិលមិញ នាងខ្ញុំសុំទោសបងប្អូនជនរួមជាតិទាំងអស់ផង ដែលខ្ញុំ និង ក្រុមគ្រួសារបានប្រើពាក្យខ្លះមិនល្អដោយកំហឹង ហើយរឿងម្សិលមិញ ខ្ញុំ និង ក្រុមគ្រួសារចិត្តត្រជាក់នឹងលែងខឹងអស់ហើយ ហើយខ្ញុំសូមចប់ត្រឹមហ្នឹង»។
អ្នកគ្រូបានបន្តទៀតថា ៖ «ហើយបងប្អូនមួយចំនួន បានណែនាំក្រុមគ្រួសារឱ្យទៅបើកប្រាក់ឧបត្ថម្ភហ្នឹងយកមកទិញសម្ភារជូនដល់ក្លឹបគុនខ្មែរតូចហើយអត់ៗ អ៊ីចឹងហើយខ្ញុំនឹងធ្វើតាមបងប្អូន។ ចុងក្រោយសូមជូនពរបងប្អូនហ្វេនទាំងអស់សុខភាពល្អនឹងសំណាងល្អ»៕