កម្ពុជា ចំណាយបន្ថែម ៧ លានដុល្លារទៀត ដើម្បីចិញ្ចឹមកីឡាករ កីឡាការិនីបរទេស ដែលមកប្រកួតនៅកម្ពុជា
នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ នេះ ក្នុងឱកាសបុណ្យបញ្ចុះខណ្ឌសីមា និង ឆ្លងសមិទ្ធផលក្នុងវត្តព្រះបារមីវង្កតបុរី ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន ដោយសម្ដេចបានលើកឡើងពីការមិនយកថ្លៃចំណាយរបស់របស់ប្រតិភូកីឡាទាំងអស់ ដែលមកចូលរួមប្រជែងមេដាយនៅស៊ីហ្គេមកម្ពុជា។
ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ «ដើម្បីសម្រួលមិនយកថ្លៃហូបចុក ស្នាក់នៅ និង ធ្វើដំណើរ ក្នុងម្នាក់ ៥០ ដុល្លារក្នុងមួយថ្ងៃ សម្តេចបានប្រកាសបន្ថែមទឹកប្រាក់ ៧ លានដុល្លារបន្ថែមទៀត ដោយដើមឡើយគម្រោងចំណាយរៀបចំស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នេះមានចំនួន ១២៤ លានដុល្លារ ហើយការបន្ថែម ៧ លានដុល្លារទៀតនេះ បានកើនដល់ ១៣១ លានដុល្លារលើការចំណាយសរុប»។
ទន្ទឹមនឹងនេះ សម្ដេចបានបញ្ជាក់ទៀតថា ៖ «យើងចំណាយ ៧ លានដុល្លារបន្ថែមទៀតនេះគឺ ដើម្បីចិញ្ចឹមកីឡាករ កីឡាការិនីបរទេស ដែលមកប្រកួតនៅកម្ពុជា។ ជាធម្មតាគេយកយើង ៥០ ដុល្លារម្នាក់ក្នុងមួយថ្ងៃ ពេលកីឡាកររបស់យើងទៅប្រកួតនៅគេ ប៉ុន្តែយើងអត់ឱ្យបង់ថ្លៃទេ គឺទទួលចិញ្ចឹមគេតែម្តង»។
គួរបញ្ជាក់ដែរថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ដែលកម្ពុជា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនេះនឹងត្រូវចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខ ដោយបញ្ចប់វិញនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ ៕
រូបភាពដោយ៖ Fresh News