រំជួលចិត្ត! ទោះគ្មានលទ្ធភាពគ្រប់គ្រាន់ តែ Miss Grand Lopburi ស៊ូខ្លាំង រហូតឈ្នះមកុដលំដាប់រងទី ៥ ជូនជីដូននៅផ្ទះ
កាលពីរាត្រីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ កម្មវីធីប្រកួតបវរកញ្ញា Miss Grand Thailand ឆ្នាំ ២០២៣ បានរកឃើញម្ចាស់មកុដថ្មីហើយ គឺបានទៅលើបវរកញ្ញាមកពីខេត្ត Chum Phon នាង Aoom Thaweeporn។
ក្រោយពីស្រីស្រស់ Aoom Thaweeporn ទទួលមកុដ គេឃើញមានមហាជនថៃច្រើនណាស់ដែលសម្ដែងក្តីសាទរចំពោះនាង។ ក្នុងនោះ សម្រាប់លំដាប់រងទី ៥ Miss Grand Lopburi នាង Stamp Tantawan Jitteelak ក៏ទទួលបានការសាទរពីមហាជនអ្នកគាំទ្រច្រើនដែរ ព្រោះម្ចាស់មកុដលំដាប់រងទី ៥ នេះជាមនុស្សមានការតស៊ូក្នុងជីវិត។
នាង Stamp Tantawan គ្រាន់តែទទួលបានមកុដភ្លាម គេឃើញនាងបានលុតជង្គង់បំពាក់មកុដជូនជីដូនភ្លាម ព្រោះថារាល់ថ្ងៃនាងរស់នៅជាមួយនឹងជីដូនដែលមានជីវភាពលំបាក ក៏ដូចជាមានផ្ទះតូចចង្អៀត តែទោះជាយ៉ាងណាវាមិនមែនជាឧបសគ្គក្នុងការសម្រេចក្តីស្រមៃរបស់នាងឡើយ ដែលនេះបានធ្វើឱ្យមហាជនលាន់មាត់សរសើរព្រាត៕