Minzy ធ្លាប់និយាយទាំងស្រក់ទឹកភ្នែក គ្រាដែលចេញពីក្រុម «2NE1» ដំបូងគេ
បើរំឭកទៅដល់ពេលវេលាមួយរបស់អតីតក្រុមតារាចម្រៀង «2NE1» ដែលត្រូវបានបំបែកក្រុមកាលពីកំឡុងចុងឆ្នាំ ២០១៦ នោះ Minzy គឺជាសមាជិកមួយរូបដំបូងគេដែលបានចាកចេញពីក្រុមតារាចម្រៀងនារីនេះតាំងពីក្រុមនេះមិនទាន់បានរំសាយ ហើយនៅពេលដែលចាកចេញនោះដែរ អតីតសមាជិកវ័យក្មេងរូបនេះត្រូវបានអ្នកគាំទ្រ និង មហាជនរិះគន់ថា «នាងជាបុគ្គលដែលអាត្មានិយមចាកចេញពីក្រុម» ។
យ៉ាងណាក៏ដោយ អាថ៌កំបាំងនៃការចាកចេញពីក្រុមរបស់ Minzy មានតែសមាជិក «2NE1» នោះទេ ដែលបានដឹងពីមូលហេតុនៅពីក្រោយរឿងរ៉ាវនេះ ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ កំហុសដែលត្រូវបានចោទពីមហាជនមួយចំនួនត្រូវបានរំសាយ ក្រោយពី Minzy បានទម្លាយនូវមូលហេតុពិតប្រាកដនៃការចាកចេញរបស់ខ្លួនពីក្រុមចម្រៀង និង សមាជិកដែលនាងស្រឡាញ់យ៉ាងខ្លាំងនោះ ។
ក្នុងកម្មវិធី «Video Star» ដែលចាក់ផ្សាយកាលពីពេលកន្លងទៅ ដោយមាន Sandara Park គឺជាពិធីការិនីក្នុងកម្មវិធីនោះ Minzy បានសារភាពថា «ក្នុងពេលនោះ នាងមានជំងឺ ធ្លាក់ទឹកចិត្ត (depression) ហើយសម្រេចចិត្តចាកចេញពី 2NE1 ដើម្បីជាដំណោះស្រាយល្អសម្រាប់ខ្លួនឯង និង សមាជិកដទៃ។ តែក្រោយពេលចាកចេញ មហាជនគិតថា នាងជាជនក្បត់ និង ទម្លាក់កំហុសទាំងស្រុង ដែលធ្វើឲ្យនាងកាន់តែមានវិបត្តិកាន់តែខ្លាំង។ គ្រានោះ ជាពេលវេលាដែលនាងពិបាកទទួលយកបំផុត ក៏ព្រោះតែនាងកាលនោះមានអាយុទើបតែ ២២ ឆ្នាំតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត នាងបានដកខ្លួពចេញពី internet ជាច្រើនខែដើម្បីសម្រួលផ្លូវចិត្តរបស់នាងឡើងវិញផងដែរ»។
គួរឱ្យដឹងដែរថា Mizny គឺជាអតីតសមាជិក «2NE1» ដែលមានអាយុតិចជាងគេក៏ពិតមែន ប៉ុន្តែនាងគឺជាតារាចម្រៀងម្នាក់ដែលបានចូលទៅហ្វឹកហាត់មុនគេបង្អស់ក្នុង YG Entertainment ក្នុងចំណោមសមាជិកដទៃទៀត៕