ពណ៌ទាំង ៤ ដែលប្រជាជនចិន ជឿថាជាពណ៌នាំលាភសំណាងសម្រាប់ឆ្នាំ ២០២២
រដូវចូលឆ្នាំចិន ជិតចូលមកដល់ យើងសង្កេតឃើញបងប្អូនដែលជាប់សែស្រឡាយចិន ហាក់មានការមមាញឹកជាខ្លាំង ដោយមានអ្នកខ្លះចាប់ផ្តើមបោសសម្អាតផ្ទះ និង ទិញគ្រឿងរណ្តាប់សែនរៀបចំជាបណ្តើរៗ។ យោងតាមហុងស៊ុយចិន សម្រាប់ឆ្នាំ ២០២២ ដែលជាឆ្នាំខាល ឬ ឆ្នាំខ្លា គេជឿថាមានពណ៌ ៤ ដែលជាពណ៌នាំលាភសំណាង ដោយមានដូចជា ៖
១. ពណ៌ផ្ទៃមេឃ (Cerulean Blue)
ពណ៌នេះគឺជាពណ៌តំណាងនៃម្លប់ត្រជាក់ ភាពរីករាយ សេរីភាព និង ភាពស្ងប់ស្ងាត់។ ពណ៌នេះគេជឿថាជាពណ៌ពង្រឹងនៃសំណាងក្នុងការងារ ការទំនាក់ទំនង និង ការចរចា។ ពណ៌នេះល្អខ្លាំងសម្រាប់អ្នកដែលជួបសម្ភាសការងារ ចេញជួបអតិថិជនជាដើម។ ការប្រើប្រាស់ពណ៌នេះច្រើនហួសហេតុពេក ធ្វើឱ្យធាតុទឹកសកម្មខ្លាំងជ្រុលលើសលួស ដែលនាំទៅឱ្យកើតមានភាពយឺតយ៉ាវ ឬ អស់សង្ឃឹម និងត្រជាក់ខ្លាំងផងដែរ។
២. ពណ៌បៃតងស្រាល (Mint Green)
ពណ៌នេះគឺជាពណ៌តំណាងឱ្យធាតុឈើ ការព្យាបាល ឬ Healing ការលូតលាស់ និងការច្នៃប្រឌិត។ ពណ៌បៃតងស្រាល នឹងនាំសំណាងល្អដល់មនុស្សដែលផ្លាស់ប្តូរទីកន្លែងការងារ ឬ កំពុងចាប់ផ្តើមដំណើរការអាជីវកម្មថ្មីថ្មោង ប៉ុន្តែមិនត្រូវប្រើច្រើនហួសហេតុពេក ព្រោះនាំឱ្យការបរាជ័យ និង អារម្មណ៍ច្រណែន។
៣. ពណ៌ក្រហមឈាមជ្រូក (Fiery Red)
ពណ៌នេះជានិមិត្តសញ្ញានៃចលនា ភាពរឹងមាំ ចំណង់ចំណូលចិត្ត សេចក្តីស្រលាញ់ ដែលតំណាងឱ្យធាតុភ្លើង ហើយវាជាពណ៌សំណាងសម្រាប់អ្នក ដែលកំពុងមានទំនាក់ទំនងស្នេហា ឬកំពុងមានបុត្រ។ ដ្បិតតែពណ៌នេះនាំសំណាងដល់ជីវិតស្នេហា ដែលការប្រើប្រាស់ជ្រុលហួសហេតុ វានឹងអាចនាំឱ្យកើតមានកំហឹង។
៤. ពណ៌លឿងមាស ឬ ពណ៌ដែលនិយមប្រើលើឈុតព្រះរាជា (Imperial Yellow)
ពណ៌នេះជានិមិត្តសញ្ញានៃចំណេះដឹង ប្រជ្ញា និង ការរៀបចំទុកដាក់ ដែលជាពណ៌ល្អបង្ហាញពីការទិញទ្រព្យសម្បត្តិ ផ្ទេរទំនិញមានតម្លៃ អ្នករកស៊ីមុខជំនួញធំៗ ប៉ុន្តែមិនត្រូវប្រើប្រាស់ពណ៌នេះជ្រុលហួសហេតុពេកឡើយ វាអាចបង្កឱ្យក្លាយជាភាពឥតប្រយោជន៍ និង អំពើផិតក្បត់វិញ។
បន្ថែមពីនេះ ដើម្បីប្រើទាំងបួននេះចូលជាមួយគ្នាឱ្យមានសមាមាត្រ យើងត្រូវប្រើពណ៌សលាយបញ្ចូល ដោយអាចរំលេចពណ៌លឿងមាស រាងច្រើនបន្តិចដើម្បីជាការទាញចូលទ្រព្យសម្បត្តិចូលផ្ទះ៕
ប្រភព៖ Prestigeonline