ឆ្លាតមែន! កុំឱ្យប៉ិនដើរបុកខឿនផ្លូវពេក ផ្សារមួយកន្លែងបិទរូបលុយលើខឿន ស្រួលក្រឡេកឃើញៗ
ដើម្បីជាការដាស់តឿនភ្ញៀវពីខឿនផ្លូវនៅខាងមុខ ផ្សារលក់បន្លែផ្លែឈើមួយកន្លែងនាទីក្រុង Tainan កោះតៃវ៉ាន់ បានកើតគំនិតដ៏ឈ្លាសវៃមួយ ដោយធ្វើការបិទក្រដាសលុយក្លែងក្លាយនៅលើផ្លូវ ដោយពួកគេជឿជាក់ថា វិធីសាស្ត្រមួយនេះ គឺពិតជាមានប្រសិទ្ធភាពខ្លាំង ជួយឱ្យអ្នកដើរតាមផ្លូវក្រលៀសភ្នែកឃើញលុយ ក៏ដូចជាឃើញខឿនផ្លូវក្នុងពេលតែមួយ កុំឱ្យដើរបុកខឿនគ្រោះថ្នាក់។
ជាក់ស្ដែង តាមរយៈការបង្ហោះរូបភាពប៉ុន្មានសន្លឹកលើបណ្ដាញសង្គមហ្វេសប៊ុក ពីសំណាក់ភ្ញៀវដែលបានចូលផ្សារម្នាក់ ដែលបានបង្ហាញឱ្យឃើញនៅលើខឿនមានក្រដាសលុយចំនួន ៣ សន្លឹក ដោយក្បែរអក្សរនោះមានសរសេរពាក្យថា៖ «សូមប្រយ័ត្នការដើររបស់អ្នក»។
រូបភាពទាំងនោះដែរ ក្រោយមកត្រូវបានមហាជននាំគ្នាចែកចាយបន្តពាសពេញបណ្ដាញសង្គម ជាមួយនឹងមតិវែកញែកផ្សេងៗគ្នា ដោយអ្នកខ្លះលើកឡើងថា រូបភាពនោះអាចនឹងថតចេញពីផ្សារលក់បន្លែផ្លែឈើ Xin Hua នៅក្រុង Tainan៕