ទម្លាយមូលហេតុដ៏រំជួលចិត្ត ពីក្រោយការឡើងទម្ងន់របស់ Park Bom
កាលពីពេលថ្មីៗនេះ តារាចម្រៀង Park Bom បានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីធ្វើការប្រគំតន្ត្រីក្នុងកម្មវិធី Popstival ដែលវត្តមានរបស់តារាស្រីរូបនេះ បង្កជាការហ៊ោកញ្ជ្រៀវរីករាយសប្បាយអបអរជាខ្លាំងពីសំណាក់អ្នកគាំទ្រ។
ក្នុងកម្មវិធីប្រគំតន្ត្រីនោះដែរ មហាជនសង្កេតឃើញថា Park Bom ស្ថិតក្នុងរ៉ូបពណ៌ខ្មៅ បង្ហាញឱ្យឃើញពីសាច់សខ្ចីដ៏ទ្រលុកទ្រលន់របស់នាង ពោរពេញដោយភាពជឿជាក់។ គួរឱ្យដឹងថា បើទោះបីជាមិនសូវបង្ហាញខ្លួនលើឆាកតន្ត្រីញឹកញាប់ក៏ពិតមែន ប៉ុន្តែវត្តមានរបស់ Park Bom លើឆាកតន្ត្រីនៅប្រទេសហ្វីលីពីននេះ គឺទទួលបានការគាំទ្រ ស្រឡាញ់យ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្ររបស់នាងផងដែរ។
ដោយឡែក ស្របពេលដែលមានមហាជនរំភើប និង រីករាយចំពោះវត្តមានរបស់ Park Bom លើឆាកប្រគំតន្ត្រីនេះដែរ ក៏មានមហាជនមួយចំនួនទៀតហាក់បង្ហាញការរិះគន់ទៅលើរូបរាងរបស់នាងនាពេលបច្ចុប្បន្ននេះទៅវិញ ដែលធ្វើឱ្យអ្នកគាំទ្ររបស់តារាស្រីរូបនេះសម្ដែងការមិនពេញចិត្តជាខ្លាំង។
ជាក់ស្ដែង ការឡើងទម្ងន់របស់តារាចម្រៀង Park Bom គឺសុទ្ធតែមានមូលហេតុពីក្រោយ មិនមែនដោយសារតែការញ៉ាំមិនចេះគិតដូចអ្វីដែលអ្នករិះគន់លើកឡើងនោះឡើយ។ តាមការចេញផ្សាយរបស់សារព័ត៌មាន Channel Korea បានឱ្យដឹងថា មូលហេតុចម្បងមួយនោះគឺបណ្ដាលមកពីផលប៉ះពាល់ក្រោយការប្រើប្រាស់ថ្នាំព្យាបាលជំងឺ ADHD (Attention Deficit Hyperactivity Disorder) របស់នាង។
Park Bom មានជំងឺប្រចាំកាយដែលតម្រូវឱ្យរូបនាងត្រូវប្រើប្រាស់ថ្នាំជាប្រចាំ ហើយមហាជនជាច្រើនក៏ប្រាកដជាជ្រាបដែរថា ការប្រើប្រាស់ថ្នាំព្យាបាលមួយចំនួន ក៏អាចបង្កជាផលប៉ះពាល់តាមក្រោយបែបនេះផងដែរ ដូច្នេះហើយវាជារឿងធម្មតានោះទេក្នុងការឡើងទម្ងន់នោះ រួមទាំង Park Bom ផងដែរ ព្រោះថាអ្វីដែលសំខាន់សម្រាប់នាងនាពេលនេះគឺសុខភាពរបស់នាង៕