ហ្វេនផ្គូរផ្គង់ៗនឹង ហេង បូនីកា តាមពិត វ៉ាន់ ដាវីត បានសាងស្នេហ៍ជាមួយនារីរូបស្រស់ម្នាក់យូរឆ្នាំមកហើយ
និយាយពីតារាសម្ដែងប្រុសរូបសង្ហា វ៉ាន់ ដាវីត មួយរយៈចុងក្រោយនេះ មិនត្រឹមតែត្រូវបានមហាជនចាប់អារម្មណ៍ពីជីវិតលើសិល្បៈ និង រូបសម្រស់ដ៏ស្រស់សង្ហារបស់លោកទេ តែអ្នកគាំទ្រក៏កំពុងតាមដានខ្លាំងពីទំនាក់ទំនងរវាងលោក និង តារាសម្ដែងស្រី ហេង ប៉ូនីកា ដែលអ្នកទាំងពីរតែងបង្ហាញពីសកម្មភាពផ្អែមល្ហែមនឹងគ្នាក្រៅពីការងារ និង ហាក់ស្និទ្ធស្នាលគ្នាខ្លាំង ធ្វើឱ្យមហាជនបានសង្ស័យពីទំនាក់ទំនងរបស់អ្នកទាំងពីរអាចលើសពីមិត្តរួមការងារ។
លើសពីនេះ ដ្បិតតែតារាសម្ដែងប្រុសស្រីមួយគូនេះ មិនបានចេញមុខបញ្ជាក់ច្បាស់ៗថាត្រូវជាអ្វីនឹងគ្នាមែន ប៉ុន្តែអ្នកទាំងពីរកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបជំនួសពីសកម្មភាពផ្អែមល្ហែម ឱបថើបគ្នាស្និទ្ធៗ និង ភាពស័ក្តិសមគ្នារបស់អ្នកទាំងពីរ រហូតអ្នកគាំទ្រចង់ផ្គូផ្គង់ឱ្យអ្នកទាំងពីរសាងស្នេហ៍នឹងគ្នាពិតមែនទៀតផង។
ដោយឡែក ស្របពេលអ្នកគាំទ្រកំពុងផ្ទុះចាប់អារម្មណ៍ខ្លាំងពីទំនាក់ទំនងរវាងតារាសម្ដែងប្រុសស្រីទាំង ២ រូបនេះដែរ បើក្រឡេកទៅចាប់អារម្មណ៍លើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់តារាសម្ដែងប្រុស វ៉ាន់ ដាវីត វិញ ទើបតែបានដឹងច្បាស់ថា តាមពិតលោកមានម្ចាស់បេះដូងរួចហើយ ដែលបានសាងស្នេហ៍ជាមួយនឹងស្រីស្អាតអ្នកក្រៅសិល្បៈម្នាក់ប៉ុន្មានឆ្នាំមកហើយ។
នេះបើតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់លោក វ៉ាន់ ដាវីត ដែលមានឈ្មោះថា Man Vannset បានបើកបង្ហាញពីទំនាក់ទំនងជាសាធារណៈតាមរយៈការដាក់ Relationship លើហ្វេសប៊ុកផេករបស់ខ្លួនជាមួយនឹងនារីរូបស្រស់ម្នាក់ឈ្មោះថា Jennie Bellie។ លើសពីនេះ បើទៅមើលគណនីហ្វេសប៊ុកខាងស្រី Jennie Bellie ក៏ធ្លាប់បានបង្ហោះរូបភាពមួយ ជារូបភាពពាក់ចិញ្ចៀនគូស្នេហ៍ជាមួយលោក វ៉ាន់ ដេវីត តាំងពីដើមឆ្នាំ ២០២៣ កន្លងទៅទៀតផង៕