ក្ដៅគគុក! សមាជិកក្រុមចម្រៀងវ័យក្មេងម្នាក់នៅកូរ៉េ ត្រូវ CEO ខ្លួនបៀ./តបៀ-នរាងកាយ សង្ស័យជាតារាស្រីរូបនេះ
ថ្មីៗនេះ មានការទម្លាយដ៏ភ្ញាក់ផ្អើលមួយលើកម្មវិធី «Scandal Supervisor» របស់ JTBC ដោយបានបញ្ជាក់ថា សមាជិកម្នាក់នៃក្រុមចម្រៀងស្រីជំនាន់ទី ៥ បានទម្លាយថារូបនាងត្រូវបាន CEO របស់ក្រុមហ៊ុនខ្លួនបៀតបៀនផ្លូវភេទ ក្រោយរូបនាងបង្ហាញពីបំណងចង់ចាកចេញពីក្រុម។
បើទោះជាអត្តសញ្ញាណរបស់ជនរងគ្រោះ ខាងកម្មវិធីមិនបានទម្លាយក៏ពិតមែន ប៉ុន្តែមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានដាក់ការសង្ស័យថា ជនរងគ្រោះគឺជាតារាចម្រៀងពន្លកថ្មី Gaeun របស់ក្រុម MADEIN។ Gaeun បច្ចុប្បន្នមានអាយុ ១៩ ឆ្នាំ ជាសមាជិកក្រុមចម្រៀងខាងលើ និង ស្ថិតក្រោមផលិតកម្ម ១៤៣ Entertainment។
តាមខ្សែអាត់សំឡេងរបស់ជនរងគ្រោះដែលចាក់ផ្សាយក្នុងកម្មវិធី បានទម្លាយលម្អិតជុំវិញរឿងរ៉ាវដ៏គួរឱ្យខ្លាចដែលនាងបានជួបប្រទះ។ ជនរងគ្រោះបានរៀបរាប់ថា ៖ «ខ្ញុំបានប្រាប់គាត់ថាខ្ញុំចង់ចាកចេញពីក្រុម។ គាត់ក៏និយាយថាបើគាត់ធ្វើតាមសំណូមពរខ្ញុំ ខ្ញុំក៏ត្រូវធ្វើតាមសំណូមពរគាត់ដូចគ្នា។ គាត់ចង់ឱ្យខ្ញុំធ្វើមិត្តស្រីគាត់រយៈពេលមួយថ្ងៃ»។
ដំបូងឡើយ ជនរងគ្រោះគិតថាវាគ្រាន់តែជាការណាត់ជួបគ្នាដើរលេងមើលកុនអីធម្មតា ហើយក៏យល់ព្រមតាមសំណើររបស់ CEO រូបនោះ។ តែជាក់ស្ដែងគឺមិនដូចអ្វីនាងរំពឹងទុកនោះឡើយ ដោយរូបនាងត្រូវបាន CEO នោះចាក់សោជាប់ក្នុងអូហ្វិស រួចធ្វើការបៀតបៀននាងដោយការថើប ព្យាយាមចាប់ដើមទ្រូង និង គូទរបស់នាង បើទោះជានាងនិយាយបដិសេធយ៉ាងណាក៏គេនៅតែធ្វើសកម្មភាពបែបនោះរយៈពេលដល់ទៅ ២ ម៉ោង។
យ៉ាងណាមិញ ខណៈជនរងគ្រោះរៀបរាប់ពីដំណើរដើមទងគ្រប់បែបយ៉ាង ខាងមេធាវីរបស់ផលិតកម្មខាងលើក៏ចេញមកបញ្ជាក់ថា ទំនាក់ទំនងរវាងពួកគេគឺព្រមព្រៀងគ្នា ដោយនាងព្រមធ្វើជាសង្សារមួយថ្ងៃរបស់គេដើម្បីចង់បន្តការងារក្នុងក្រុម។ ដោយឡែក CEO រូបនោះក្រោយមកក៏បានទទួលស្គាល់ថាខ្លួនពិតជាបានធ្វើខុសចំពោះមុខឪពុកម្ដាយជនរងគ្រោះ។ ផ្ទុយទៅវិញ ឪពុកម្ដាយជនរងគ្រោះបានបដិសេធការលើកឡើងរបស់ជនបង្កជា CEO នោះ ដោយលើកឡើងថាទង្វើរបស់គេគឺជាចេតនាយ៉ាងច្បាស់ មិនមែនជាកំហុសដោយអចេតនានោះឡើយ។
ភាពចម្រូងចម្រាសនៅតែបន្តកើតមានឡើង ខណៈ CEO រូបនោះនៅតែបន្តមានសកម្មភាពពាក់ព័ន្ធជាមួយក្រុមចម្រៀងស្រីរបស់គេ បើទោះជាសន្យាថាខ្លួននឹងលាលែងពីតំណែងក៏ដោយ។ ជាក់ស្ដែង រយៈពេលត្រឹមប៉ុន្មានថ្ងៃក្រោយទទួលស្គាល់កំហុស លោកត្រូវបានគេប្រទះឃើញចូលរួមក្នុងការប្រគំតន្ត្រីរបស់ MADEIN ដោយក្រោយមកក៏ឃើញនៅជាមួយសមាជិកក្រុមពេលហោះហើរទៅជប៉ុន និង ថែមទាំងអង្គុយជិតជនរងគ្រោះទៀត។
ក្រោយហេតុការណ៍ដែលបានកើតឡើង ខាងផលិតកម្ម ១៤៣ Entertainment ក៏បានប្រកាសថា Gaeun នឹងធ្វើការផ្អាកសកម្មភាពមួយរយៈជុំវិញបញ្ហាសុខភាព។ យ៉ាងណាមិញ CEO រូបនោះត្រូវបានគេលើកឡើងថាបានប្រាប់សមាជិកក្រុមដោយអះអាងថា ជនរងគ្រោះជាអ្នកប្រព្រឹត្តខ្លួនឯង និង ធ្វើជាជនរងគ្រោះខ្លួនឯងដើម្បីការពារ credit ខ្លួន។ ដោយឡែក ខាងតំណាងច្បាប់ឱ្យផលិតកម្មក៏បានចេញមកបដិសេធការលើកឡើងខាងលើ ដោយនិយាយថាការខាងលើគឺគ្មានមូលដ្ឋានច្បាស់លាស់។
ខណៈសម្ពាធពីបណ្ដាញសង្គមកាន់តែក្ដៅគគុកខ្លាំងឡើងៗ តារាចម្រៀង Gaeun ក៏បានធ្វើការលុបរាល់ការបង្ហោះទាំងអស់លើ Instagram របស់នាង និងធ្វើការចុច unfollow គណនី CEO របស់នាងថែមទៀត ដែលចំណុចនេះហើយកាន់តែធ្វើឱ្យមហាជនសង្ស័យកាន់តែខ្លាំងថាករណីនេះជាករណីរបស់នាងពិតប្រាកដមែន៕
ប្រភព៖ TRIBUNE