នៅបន្ទាយមានជ័យ ប្រទះឃើញផូស៊ីលឈើ មានអាយុន្លោះពី ២៥០ ទៅ ៣០០ លានឆ្នាំ
នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៤ នេះ ក្រសួងព័ត៌មាន បានបញ្ជាក់ឱ្យបានដឹងថា ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក លឹម វណ្ណាច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ បានស្រាវជ្រាវរកឃើញផូស៊ីលឈើ ដែលមានអាយុកាលចាស់ជាងគេនៅភ្នំកងវ៉ា ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅក្នុងខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ។
តាមប្រភពបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាន ក្រុមការងារបានចុះទៅពិនិត្យនៅក្នុងរណ្តៅដីមួយកន្លែង នៅទីតាំងជើងភ្នំកងវ៉ា និង បានពិនិត្យឃើញថាមានវត្តមាននៃផូស៊ីលដើមឈើមួយចំនួន។ ក្រោយពីចុះសិក្សាពិនិត្យទីតាំងដោយផ្ទាល់ ស្រទាប់ដី ឬ ថ្ម ដែលបានរកឃើញផូស៊ីលឈើនោះ ក៏មានទំនាក់ទំនងជាមួយពពួកផូស៊ីលសត្វសមុទ្រ ក្នុងតំបន់នោះផងដែរ។ លោក លឹម វណ្ណាច័ន្ទ បានបញ្ជាក់ថា តាមរយៈការសិក្សាប្រៀបធៀបនេះ ផូស៊ីលឈើទាំងនោះអាចស្ថិតនៅលើកោះ ឬដីគោកក្នុងពេលមួយ គឺក្នុងសម័យកាល Permian ដែលមានអាយុ ន្លោះពី ២៥០ ទៅ ៣០០ លានឆ្នាំ ក្នុងស័ក Paleozoic។
អ្នកជំនាញបានបញ្ជាក់ថា នេះជាផូស៊ីលឈើចាស់ជាងគេ ដែលក្រុមការងារសិក្សាផូស៊ីលបានរកឃើញកន្លងមក នៅតាមតំបន់ការពារធម្មជាតិមួយចំនួននៅកម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការសិក្សាស្រាវជ្រាវផូស៊ីល នៅក្នុងខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមពីឆ្នាំ ២០១៩ កន្លងមក ខណៈនៅខេត្តបន្ទាយមានជ័យ អ្នកស្រាវជ្រាវបានរកឃើញស្ថានីយផូស៊ីល ចំនួន ១២ ស្ថានីយ ដែលបានរកឃើញវត្តមានផូស៊ីលសត្វសមុទ្រ ខ្យង ផ្កាថ្ម លាស … ក្នុងសម័យកាល Permian (252-299លានឆ្នាំ)។
សូមបញ្ជាក់ផងដែរថា ផូស៊ីលឈើត្រូវបានរកឃើញចំនួន ១៤ កន្លែងរួចមកហើយនៅកម្ពុជា នៅក្នុងខេត្តរតនគីរី ស្ទឹងត្រែង ព្រះវិហារ កោះកុង និង បន្ទាយមានជ័យ។ ការរកឃើញពីផូស៊ីល បានបង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ ៣ គឺ ស្អាត បៃតង និង ចីរភាព របស់ថ្នាក់ដឹកនាំ និង មន្រ្តីបរិស្ថាន សហការជាមួយដៃគូ និង អ្នកពាក់ព័ន្ធ ក្នុងបុព្វហេតុធនធានធម្មជាតិនិងបរិស្ថានរបស់កម្ពុជា៕
ប្រភព ៖ ក្រសួងព័ត៌មាន