បើកប្រាក់ខែដំបូង ខំស្រូតវេរទៅម៉ែ តែវេរខុសចូលអ្នកផ្សេង ពេលទាក់ទងសុំគេវិញបានត្រឹមពាក្យចុកឈាម
កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ ស្ត្រីសញ្ជាតិម៉ាឡេស៊ីម្នាក់ បានធ្វើឱ្យមហាជនជាច្រើនអាណិត និង ចាប់អារម្មណ៍លើរូបនាងជាខ្លាំង ក្រោយពីរូបនាងបានប្រើប្រាស់បណ្ដាញសង្គម TikTok ធ្វើការនិយាយរៀបរាប់ទាំងទឹកភ្នែករហាមពីរឿងរ៉ាវរបស់នាង ដែលច្រឡំដៃវេរប្រាក់ខែដំបូងរបស់ខ្លួនទាំងអស់ទៅឱ្យជនមិនស្គាល់។
ក្នុងវីដេអូមួយនោះ រូបនាងបានរៀបរាប់ថា នាងចង់ធ្វើការពញ្ញាក់អារម្មណ៍ម្ដាយរបស់នាងដែលនៅឯផ្ទះ ដោយធ្វើការវេរលុយប្រាក់ខែដំបូងដែលនាងរកបានដោយញើសឈាមខ្លួនឯងទៅឱ្យគាត់ស្ងាត់ៗ។ អំឡុងពេលវេរលុយនោះ ដោយមិនចាប់អារម្មណ៍ ឬ សង្ស័យថាមានអ្វីខុសនោះឡើយ រូបនាងក៏បានបង្ហាញក្រដាស receipt ទៅឱ្យម្ដាយមើល។ ភ្លាមៗនោះដែរ ម្ដាយរបស់នាងហាក់ជាភ្លឹកភ្លាំង ដោយគាត់បានប្រាប់នាងវិញថា គាត់មិនទទួលបានលុយរបស់នាងនោះឡើយ ហើយបែរងាកមកសួរនាងវិញថា តើនាងវេរលុយទៅឱ្យនរណាគេ?
ពេលនោះហើយ ដែលរូបនាងបានដឹងថាខ្លួន បានផ្ញើលុយច្រឡំទៅឱ្យជនមិនស្គាល់មុខ ហើយរូបនាងក៏បានធ្វើការទាក់ទងទៅអ្នកដែលទទួលលុយរបស់នាងភ្លាមៗ ដើម្បីសុំឱ្យគេវេរលុយត្រឡប់មកឱ្យនាងវិញ។ ទោះជាយ៉ាងណា ក្រោយពន្យល់ហេតុផលគ្រប់យ៉ាងទៅអ្នកទទួលលុយនោះ ស្រាប់តែអ្វីដែលនាងទទួលមកវិញនោះគឺ គេបានបដិសេធមិនព្រមវេរឱ្យរូបនាងវិញឡើយ។
និយាយរៀបរាប់ដល់ត្រង់នេះឡើងវិញ នាងក៏ចាប់ផ្ដើមយំ ដោយរៀបរាប់ទាំងទឹកភ្នែកថា ទោះបីជាប្រាក់ខែនាងមិនសូវជាបានច្រើនក៏ពិតមែន ប៉ុន្តែវាច្រើនណាស់សម្រាប់នាង ហើយណាមួយនាងចង់ឱ្យលុយទាំងនោះទៅម្ដាយរបស់នាងទៀត ដោយសង្ឃឹមថាប្រាក់ដំបូងជូនម្ដាយនេះ នឹងជួយឱ្យនាងជួបតែរឿងល្អៗនៅពេលអនាគត។
ដោយឡែកអាចថាទង្វើល្អមិនទទួលបានផលអាក្រក់ មកដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ ខាងក្រុមហ៊ុនវេរលុយបានធ្វើការផ្ដល់ព័ត៌មានបន្ថែមជុំវិញប្រាក់ខែដែលបាត់របស់នាង។ ក្នុងវីដេអូដដែលនេះ នាងបានរៀបរាប់ទៀតថា នាងបានព្យាយាមទាក់ទងទៅជនដែលទទួលលុយនាងនោះ ហើយថែមទាំងផ្ញើសារជាច្រើនទៅរូបគេថែមទៀត ដើម្បីឱ្យជួយវេរលុយឱ្យនាងវិញ។ នាងព្យាយាមជាច្រើនលើកជាច្រើនសា រហូតភាគីម្ខាងទៀត ក៏បានផ្ញើលុយត្រឡប់ឱ្យរូបនាងវិញដោយជោគជ័យ៕