នៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នេះ ប្រធានាធិបតីព្យួរតំណែង លោក Yoon Suk-yeol បានបង្ហាញខ្លួនក្នុងវីដេអូមួយថតមុនពេលលោកត្រូវបានចាប់ខ្លួន ដោយប្រកាសថា លោកព្រមស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យក្រុមស៊ើបអង្កេតសួរចម្លើយដើម្បីបញ្ចៀសការបង្ហូរឈាម បើទោះជាលោកគិតថាទង្វើប្រឆាំងនឹងលោកនោះជាទង្វើខុសច្បាប់ក៏ដោយ។
ថ្លែងក្នុងសារជាវីដេអូរយៈពេលជិត ៣ នាទី លោក Yoon Suk-yeol បានរៀបរាប់ថា៖ «ខ្ញុំបានឃើញពួកគេប្រើប្រាស់អាវុធចូលក្នុងតំបន់ការពារ។ ដើម្បីបញ្ចៀសការបង្ហូរឈាម ខ្ញុំសម្រេចចិត្តប្រគល់ខ្លួនទៅឱ្យក្រុមស៊ើបអង្កេត (CIO) បើទោះជាការស៊ើបអង្កេតរបស់ពួកគេគឺខុសច្បាប់ក៏ដោយ»។
គួរបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នេះ លោក Yoon Suk-yeol ត្រូវបានក្រុមអ្នកស៊ើបអង្កេតចាប់ខ្លួនដើម្បីសួរនាំជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចកាលពីខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ដោយការចាប់ខ្លួនប្រធានាធិបតីរូបនេះ គឺធ្វើឡើងក្រោមដីកាដែលចេញពីតុលាការ។ គួរឱ្យដឹងផងដែរថា លោក Yoon Suk-yeol បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេនៅកូរ៉េខាងត្បូងដែលត្រូវបានចាប់ខ្លួន៕