កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោ ៩ និង ០៥ នាទីព្រឹក (ពេលវេលាក្នុងតំបន់) មានគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយកម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារតំបន់ទីបេ ប្រទេសចិន បណ្ដាលឱ្យផ្ទះសម្បែងពលរដ្ឋជាច្រើនរងការបំផ្លិចបំផ្លាញ និង ឆក់យកជីវិតមនុស្សរហូតដល់ ១២៦ នាក់ ខណៈ ១៨៨ នាក់ផ្សេងទៀតបានរងរបួស។
តាមទូរទស្សន៍ជាតិប្រចាំប្រទេសចិនបានរាយការណ៍ថា គ្រោះរញ្ជួយដីបានវាយប្រហារលើតំបន់ Tingri នៃទីបេ ដោយចំណុចកណ្ដាលមានជម្រៅ ១០ គីឡូម៉ែត្របានបំផ្លាញផ្ទះសម្បែងពលរដ្ឋប្រមាណជាង ៣៦០០ ផ្ទះ ក្នុងផ្ទៃដីប្រមាណជាង ៤ ពាន់ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ផ្ទះពលរដ្ឋដែលរងគ្រោះនៅក្បែរចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីគឺភាគច្រើនជាផ្ទះសាងសង់បែបបុរាណធ្វើអំពីឥដ្ឋភក់។
គួរបញ្ជាក់ថា ក្រុមពន្លត់អគ្គិភ័យ និង កងកម្លាំងទាហានបានស្វះស្វែងរុករកជនរងគ្រោះដែលជាប់ក្រោមគំនរផ្ទះដែលបាក់រលំ ប៉ុន្តែប្រតិបត្តិការរុករកនេះគឺជួបប្រទះការលំបាកខ្លាំងផងដែរ ខណៈការរំញ័រ ឬ គ្រោះរញ្ជួយដីតូចៗ (Aftershock) ក្នុងកម្រិត ៣ រ៉ិចទ័រ ឬខ្ពស់ជាងនេះនៅបន្តកើតមាន ហើយចំពោះសីតុណ្ហភាពវិញគឺចុះត្រជាក់កាន់តែខ្លាំងរហូតដល់ -១៨ អង្សាសេ៕
ប្រភព៖ NHK World Japan