មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង ចែករំលែកបន្តគ្នាព្រោងព្រាត បន្ទាប់ពីបានជ្រាបរឿងរ៉ាវអបិយជំនឿមួយ ដែលបានកើតឡើងនៅខេត្តបាត់ដំបង និង ត្រូវបានចែករំលែក ដោយបុរសម្នាក់បន្ទាប់ពីបានរើផ្ទះដែលធ្លាប់រស់នៅ។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីដែលមានឈ្មោះ Pisith Morm នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៥ បានបង្ហោះរូបភាពសកម្មភាពរើផ្ទះឈើមួយកន្លែងស្ថិតនៅក្ដុលដូនទាវ ទឹកដីខេត្តបាត់ដំបង ដែលក្នុងរូបភាពមានសសរមួយប្រហោង ដោយបុរសរូបនេះបញ្ជាក់ថា ៖ «កំឡុងពេលសាងសង់ មិនដឹងថាជីតារបស់ខ្ញុំមានជម្លោះអ្វីជាមួយនឹងជាង បានដល់ថ្នាក់យកឆ្អឹងខ្មោចរុំដោយក្រណាត់ស បន្ទាប់មកខួងប្រហោងតូចមួយចំសរសរកណ្ដាល ហើយញាត់ចូលក្នុងហ្នឹង ហើយសសរកណ្ដាលមានសភាពប្រេះខុសពីសសរផ្សេងៗ»។
បន្ទាប់ពីរុះរើផ្ទះហើយប្រទះឃើញបែបនេះ ប្រភពដដែលបានបន្តថា ៖ «អ៊ីចឹងតើបានជាមិនរីកចម្រើនទៅណា នៅមិនសុខព្រាត់ប្រាស់បងប្អូន និង មានអ្នកស្លាប់ជាបន្តបន្ទាប់ សល់តែម្ដាយរបស់ខ្ញុំតែម្នាក់ ដែលជាសមាជិកចុងក្រោយក្នុងផ្ទះនេះ រយៈពេល ៦០ ឆ្នាំជាងបានដឹង»៕