យូរៗផុសរូបម្ដង Chef ម៉េងហ៊ី ផ្ទុះការសរសើរថាស្លៀកឈុតចុងភៅសង្ហាម្យ៉ាង បើស្លៀកឈុតអាវធំវិញកាន់តែថ្លៃថ្នូរ
ក្នុងចំណោមគណៈកម្មការទាំង ៣ នៃកម្មវិធីប្រកួតធ្វើម្ហូប MasterChef Cambodia រដូវកាលទី ៣ នេះ Chef ស៊ុន ម៉េងហ៊ី គឺជាគណៈកម្មការថ្មីនៅក្នុងកម្មវិធីនេះ ដែលលោកគឺជាចុងភៅមានបទពិសោធខ្ទង់ ២០ ឆ្នាំឯណោះនៅក្នុងវិស័យម្ហូបអាហារ។
នៅក្នុងការប្រកួតជាច្រើនសប្ដាហ៍កន្លងមកនេះ Chef ម៉េងហ៊ី ត្រូវបានទស្សនិកជនកត់សម្គាល់ និង សរសើរពីអត្តចរិតដ៏ថ្លៃថ្នូររបស់លោក ព្រមទាំងការវាយតម្លៃលើស្នាដៃធ្វើម្ហូបរបស់បេក្ខជននីមួយៗពោរពេញដោយចំណេះដឹង និង ចែករំលែកបទពិសោធផ្ទាល់ខ្លួនគួរឱ្យគោរព។
អាចនិយាយបានថា Chef ស៊ុន ម៉េងហ៊ី ជាគណៈកម្មការមួយរូបដែលហ្មត់ចត់ ពុំសូវចូលចិត្តនិយាយស្ដីច្រើនទេ ហើយនៅលើបណ្ដាញសង្គមវិញ យូរៗម្ដងប៉ុណ្ណោះដែលគេបានឃើញ Chef ម៉េងហ៊ី បង្ហោះរូបភាពនានារបស់លោក ចែករំលែកឱ្យទស្សនិកជនបានឃើញ។
ដោយឡែកស្រាប់តែថ្មីៗនេះ Chef ម៉េងហ៊ី បានប្រមូលយករូបភាពជាច្រើនសន្លឹករបស់លោក មកបង្ហោះចែករំលែកលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលរូបភាពទាំងអស់នោះសុទ្ធសឹងតែជារូបភាពស្ដែងភាពសកម្មភាពពេលលោកធ្វើជាចុងភៅ និង រូបភាពដែលលោកធ្វើជាគណៈកម្មការ MasterChef Cambodia។ រូបភាពជាច្រើនរបស់ Chef ដ៏មានសមត្ថភាពរូបនេះ បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើនលើកសរសើរពីអត្តចរិតថ្លៃថ្នូរ និង ភាពស្រស់សង្ហារបស់លោក មិនថាស្លៀកឈុតអាវធំ ឬក៏ស្លៀកឈុតចុងភៅទេ៕