គួរឱ្យសរសើរ! ខឿនកំពង់ទឹកដួលរលំគរគ្នា អ្នកជំនាញ ជួសជុល រៀបរយស្អាតភ្លឹងស្ទើរដូចដើម
ខឿនកំពង់ទឹក ដែលស្ថិតនៅខាងកើតប្រាសាទព្រះខ័ន គឺជារចនាសម្ព័ន្ធមួយក្នុងចំណោមរចនាសម្ព័ន្ធផ្សេងៗនៃប្រាសាទនេះ ដែលកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧ ចន្លោះចុងសតវត្សទី ១២ ដល់សតវត្សទី ១៣ ជាព្រះពន្លាជ័យ ឬកន្លែងសម្រាប់ព្រះរាជា ធ្វើដំណើរតាមទូកទៅកាន់ក្រុមប្រាសាទនាគព័ន្ធនៅលើកូនកោះកណ្តាលបារាយជ័យតដាក។ លក្ខណៈសំណង់បែបនេះឃើញមាននៅស្រះស្រង់ នៅលើខ្នងទំនប់ខាងលិចនៃបារាយណ៍យសោធដាក សព្វថ្ងៃហៅ បារាយខាងកើត និងនៅខាងកើតប្រាសាទបន្ទាយឆ្មា។
ទាក់ទិនទៅនឹងរឿងខឿនកំពង់ទឹកនេះ ដោយពិនិត្យឃើញរចនាសម្ព័ន្ធរបស់កំពង់ទឹករងសភាពខូចខាតទ្រុឌទ្រោមខ្លាំង ទើបឆ្នាំ ២០២២ នេះ អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមសិក្សាអំពីគម្រោងជួសជុលពង្រឹងរចនាសម្ព័ន្ធកំពង់ទឹក ដែលនៅសល់ឡើងវិញ ដើម្បីថែរក្សានូវរូបរាងសំណង់ឱ្យបានគង់វង្ស។
បុរាណវិទូ និងជាប្រធានគម្រោងជួសជុលកំពង់ទឹក នៃអាជ្ញាធរជាតិអប្សរា លោកជា សារិទ្ធិ មានប្រសាសន៍ថា គម្រោងនេះចែកជាពីរដំណាក់កាល ហើយដំណាក់កាលទី ១ ចាប់ផ្តើមនៅខែមករា ឆ្នាំ ២០២២ រហូតដល់បច្ចប្បន្នបានបញ្ចប់ការងារជួសជុលរួចរាល់។ លោកបន្តថាមូលហេតុ ដែលនាំឱ្យមានការជួសជុល ដោយសារខឿនកំពង់ទឹកមានការខូចខាត និងបាត់ថ្មអស់ច្រើន ដោយកត្តាអាយុកាលនៃសំណង់ ឬសឈើចាក់បំប៉ើងថ្ម ទឹកភ្លៀងហូរច្រោះដី នាំឱ្យខឿនជុំវិញស្រុតចុះ និងផ្នែកខ្លះរអិលធ្លាក់ចូលក្នុងទឹកជាដើម។
លោកបានបន្តថា ក្រោយពេលជួសជុលកំពង់ទឹកនេះ នឹងមានភាពល្អប្រសើរ ហើយរឹងមាំ ដែលរក្សាបាននូវតម្លៃដើមនៃសំណង់បុរាណ ធ្វើឱ្យភ្ញៀវទេសចរអាចស្គាល់ថា ព្រះពន្លាជ័យ (កំពង់ទឹក)៕
ប្រភព ៖ អាជ្ញាធរជាតិអប្សរា