បានទៅសៀមរាប កុំរំលងរមណីដ្ឋានលាក់ខ្លួនមួយនៅខ្នងភ្នំគូលែន ទេសភាពស្អាតកប់ អាចមើលថ្ងៃលិចបានច្បាស់
ខេត្តសៀមរាប គឺជាខេត្តមួយ ដែលមានទីតាំងនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ស្ថិតនៅក្បែរបឹងទន្លេសាប ហើយក៏ជា តំបន់ទេសចរណ៍ដ៍សំខាន់មួយរបស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និង ប្រាសាទបុរាណដទៃទៀតជាច្រើន ព្រមទាំងជាខេត្តធំទី ១០ ក្នុងប្រទេសកម្ពុជា ដែរ។
ខេត្តនេះ ជាទីតាំងប្រាសាទល្បីៗជាច្រើនទៀតក្រៅពីប្រាសាទអង្គរវត្តដូចជា ប្រាសាទបន្ទាយស្រី, ប្រាសាទបេងមាលារបស់អង្គការយូណេស្កូ និង ជាទីជម្រករបស់អង្គការយូណេស្កូនៃឧទ្យានជាតិភ្នំគូលែន។ យ៉ាងណាមិញ ថ្មីៗនេះមហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកចូលចិត្តធ្វើដំណើរទេសចរ ហាក់មានការចាប់អារម្មណ៍ជាខ្លាំងនូវតំបន់ទេសចរណ៍មួយកន្លែង ដែលកំពុងតែលាក់ខ្លួននៅខ្នងភ្នំគូលែន។
យោងតាមហ្វេសប៊ុកផេក ផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា តំបន់ដែលកំពុងតែក្លាយជាទីចាប់អារម្មណ៍របស់មហាជននាពេលបច្ចុប្បន្ននេះមានឈ្មោះថា «ពើងតាខុ ឬពើងជ្រួញ» ជាទីតាំងទេសចរណ៍មួយ ស្ថិតនៅតាមផ្លូវឡើងទៅភ្នំគូលែន ដោយមុនពេលទៅដល់ជើងភ្នំ ភ្ញៀវទេសចរនឹងឃើញស្លាកសម្គាល់ពីទីតាំង «ពើងតាខុ ឬពើងជ្រួញ» នៅខាងស្ដាំដៃ ដែលត្រូវដើរថ្មើរជើងចម្ងាយ ៥០ ម៉ែត្រពីស្លាកបង្ហាញផ្លូវនោះ។
គួរឱ្យដឹងដែរថា ទីតាំងទេសចរណ៍ «ពើងតាខុ ឬពើងជ្រួញ» នេះមានផ្ទាំងថ្មធំៗលយចេញពីភ្នំ ហើយថ្មទាំងនោះមានសណ្ឋានជ្រួញៗយ៉ាងប្លែកភ្នែក និង គួរឱ្យចាប់អារម្មណ៍ ហើយសម្រស់ផ្ទាំងថ្មជ្រួញ អមនឹងព្រៃព្រឹក្សាព័ទ្ធជុំវិញ បានទាក់ទាញចិត្តទេសចរ ពិសេសអ្នកចូលចិត្តថតរូបឱ្យឈាងចូលទីតាំងនេះដោយខានពុំបានឡើយ។
មិនតែប៉ុណ្ណោះ នៅ «ពើងតាខុ ឬពើងជ្រួញ» ក៏មានព្រៃឈើបៃតងខ្ចី រំលេចនូវថ្មធម្មជាតិ និង ខ្លះរាយប៉ាយនៅខាងក្រោម ដែលជាផ្ទាំងទស្សនីយភាពដ៏គួរឱ្យទាក់ទាញមួយដ៏គួរឱ្យចាប់ចិត្ត ហើយតំបន់ទេសចរណ៍មួយនេះទើបតែត្រូវបានបើកឱ្យចូលកម្សាន្តកាលពីឆ្នាំ ២០១៨ មកទេ។ លើសពីនេះទៅទៀត ទីនេះក៏ជាចំណុចដ៏ស័ក្តិសមបំផុតមួយ សម្រាប់ការថតរូបដ៏ស្រស់ស្អាត និង ល្អបំផុតសម្រាប់មើលថ្ងៃលិច ហើយនៅពេលរាត្រី ភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិក៏អាចអាំងសាច់ គយគន់ផ្កាយ បោះតង់សម្រាកលេងកម្សាន្តនៅទីនោះយ៉ាងមានសុវត្ថិភាពផងដែរ៕
រូបភាពដោយ ៖ MOON – សក្កទ្វីប