ត្រៀមៗ! ណាត់ Crush ទៅដើរលេង មើលពិធីប្រណាំងទូកនៅកំពត ខែក្រោយ
នៅភូមិសាស្ត្រទឹកដីខេត្តកំពតដ៏ពិសិដ្ឋ នឹងមានរៀបចំពិធីប្រណាំងទូក (ង) ខ្នាតប្រពៃណី ស្ថិតលើដងព្រែក កំពង់បាយ (ព្រែកកំពត) នៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ ២០២២ និង ពិធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅ ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ ក្នុងគោលបំណងចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពត នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ។
ទន្ទឹមទៅនឹងការប្រារព្ធពិធី ដែលនឹងកៀកខិតជិតមកដល់ ដើម្បីញ៉ាំងបរិយាកាសនៃកម្មវិធីខាងលើឱ្យកាន់តែមានភាពអធិកអធម និង សប្បាយរីករាយ រដ្ឋបាលខេត្តកំពត ក៏បានត្រៀមរៀបចំការសម្ដែងសិល្បៈ តន្ត្រីប្រពៃណី និង ការតាំងពិព័រណ៍ភូមិមួយ ផលិតផលមួយផងដែរ ដោយគោរពអញ្ជើញសាធារណជន និង បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្ត និង ក្រៅខេត្ត ចូលរួមទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ។
គួរឱ្យដឹងផងដែរថា ខេត្តកំពត ដែលមានទីតាំងស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថាជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប មានទាំងតំបន់ភ្នំ តំបន់ទឹកប្រៃ តំបន់ទឹកសាប ប្រកបទៅដោយទស្សនីយភាពស្រស់ត្រកាល ទាក់ទាញភ្ញៀវទេសចរ ឱ្យចង់ទៅទស្សនាកម្សាន្តឥតជិនណាយ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖