ខេមរៈ សិរីមន្ត លេងហ្វេហ្សិនពាក់អាវធំរោមសត្វឡើង Cool តែមហាជនវែកញែកក្តៅគគុកថាស្លៀកពាក់ខុសរដូវនៅអាមេរិក
ដូចប្រិយមិត្តបានដឹង ប៉ុន្មានថ្ងៃនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានហោះហើរទៅដល់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ដើម្បីសម្តែងជូនបងប្អូនខ្មែរយើងនៅទីនោះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ពេលចុះដល់ទឹកដីអាមេរិកភ្លាម លោកបានលេងខ្លួនពាក់សម្លៀកបំពាក់វ៉ាដាច់អ្នកដើរតាមដងផ្លូវ ដោយពាក់អាវធំរោមសត្វ មើលមកបែបអាកាសធាតុត្រជាក់ខ្លាំង ខណៈដែលអ្នករស់នៅទីនោះស្លៀកពាក់សាមញ្ញបែបរដូវក្តៅធម្មតា។
ជាក់ស្តែង តាមរយៈការបង្ហោះវីដេអូនៅលើទំព័រហ្វេសប៊ុករបស់តារារូបនេះ លោក និង ភរិយាបានលេងខ្លួនមួយទំហឹង ស្លៀកពាក់ឈុតអាវធំ ស្បែកជើងកវែង ដើរតាមដងផ្លូវនៅទីក្រុង ខណៈអ្នកដើរពីក្រោយសុទ្ធតែជនបរទេស គេពាក់ត្រឹមអាវយឺតដៃខ្លីសាមញ្ញធម្មតា។ បើតាមអាកាសធាតុ រដូវនេះនៅសាន់ហ្វ្រាន់ស៊ីស្កូ គឺស្ថិតក្នុងចុងរដូវក្តៅនៅឡើយ។
ជាមួយវីដេអូនេះ មហាជនជាច្រើនបានចូលទៅ Comment ហូរហែក្នុងន័យការស្លៀកពាក់មិនត្រូវរដូវកាល ឬអាកាសធាតុរបស់ឧកញ៉ា និង ភរិយា ដោយក្នុងនោះមានមតិមួយចំនួនបានរិះគន់ចំពោះការលេងហ្វេហ្សិនខុសរដូវរបស់ឧកញ៉ា តែយ៉ាងណា ក៏មានមតិមួយចំនួនបានបញ្ចេញយោបល់បែបវិជ្ជមានផងដែរ ដោយសរសេរថា ការលេងខ្លួនប្លែកម្យ៉ាង បើទោះបីជាខែនេះមិនទាន់ត្រជាក់ខ្លាំងនៅអាមេរិក តែសម្រាប់អ្នកទៅពីខ្មែរទៅ គឺអាចត្រជាក់ណាស់សម្រាប់គាត់៕