ស្រឡាញ់ Ronaldo Nazario ពេក ខំកាត់សក់តាម តែបែរសាលាថាខុសវិន័យដេញលែងឱ្យចូលរៀន
ក្មេងប្រុសវ័យ ១២ ឆ្នាំម្នាក់ ត្រូវសាលាផ្អាកលែងឱ្យចូលរៀន ក្រោយពីរូបគេបានធ្វើការកាត់សក់ទុកតែម៉ាចិបខាងមុខ ដើម្បីជាការបង្ហាញក្ដីស្រឡាញ់ចំពោះអាយដូលក្នុងដួងចិត្តរបស់គេ ដែលជាអតីតសមាជិកក្រុមជម្រើសជាតិប្រេស៊ីល Ronaldo Nazario។
តាមការចេញផ្សាយរបស់សារព័ត៌មាន Dailymail បានឱ្យដឹងថា ក្មេងប្រុសខាងលើមានឈ្មោះ Alfie Ransom បានសុំម្ដាយរបស់គេ ឱ្យកាត់សក់ឱ្យតាម Ronaldo ព្រោះតែស្រឡាញ់កីឡាកររូបនេះខ្លាំង។ ទោះជាយ៉ាងណា ការបង្ហាញក្ដីស្រឡាញ់ចំពោះអាយដូលរបស់ខ្លួនពីសំណាក់ក្មេងប្រុសរូបនេះ បែរជាត្រូវរលាយទៅវិញនៅពេលដែលរូបគេបានទៅដល់សាលារៀន។
បើតាមសម្ដីរបស់លោកស្រី Emma Shaw ដែលត្រូវជាម្ដាយបានរៀបរាប់ដែរថា គាត់ទទួលបានការហៅចូលពីខាងសាលា ដោយប្រាប់គាត់ថា Alfie គឺបញ្ជូនឱ្យទៅផ្ទះវិញហើយ ដោយសារតែរូបគេបានល្មើសច្បាប់វិន័យរបស់សាលា។
លោកស្រី Emma ខឹងតូង ដោយលើកឡើងថា ការកាត់ម៉ូដសក់ តើវាប៉ះពាល់ដល់ការសិក្សារបស់ក្មេងមែនទេ? «បច្ចុប្បន្ននេះ សាលាគឺជាកន្លែងមួយដែលបើកទ្វារទទួលសិស្សគ្រប់រូប រួមទាំងជំរុញលើកទឹកចិត្តឱ្យពួកគេបើកបង្ហាញពីភាពប្លែកទាក់ទាញជាខ្លួនគេថែមទៀត ហើយតើកូនខ្ញុំនេះវាខុសគ្នារបៀបមិចវិញ?»។ ទោះជាយ៉ាងណា ខាងសាលានៅតែទទូចដដែលថា Alfie បានល្មើសវិន័យឯកសណ្ឋានសាលា ហើយពួកគេនឹងមិនអនុញ្ញាតឱ្យចូលរៀនវិញឡើយ លុះត្រាតែគេកោរត្រងោលតែម្ដង៕