ស្ងាត់ៗ! តារាស្រីវ័យ ២២ ឆ្នាំ រចនា រ៉ាវ៉ាឌី ហោះទៅដើរលេងចាយជីវិតយ៉ាងអភិជននៅក្រៅប្រទេស
មហាជនអ្នកគាំទ្រ ប្រាកដជាធ្លាប់បានដឹងមកហើយពីសមត្ថភាពសិល្បៈ និង សម្រស់ដ៏ស្រស់ស្អាតរបស់តារាសម្តែង និង បង្ហាញម៉ូដវ័យក្មេង រចនា រ៉ាវាឌី នៅក្នុងវិថីសិល្បៈនាពេលបច្ចុប្បន្ន។ ក្នុងនោះតារាស្រីវ័យ ២២ ឆ្នាំរូបនេះ ធ្លាប់បានមហាជនអ្នកគាំទ្របានលើកឡើងថា នាងមានសម្រស់ស្រដៀងទៅនឹងតារាស្រីល្បីថៃនាង Kimberley ថែមទៀតផង ។
បើទោះជាហក់ចូលក្នុងវិថីសិល្បៈទាំងវ័យក្មេងក៏ពិតមែន តែ រចនា រ៉ាវាឌី ត្រូវបានរាប់បញ្ជូលជាតារាស្រីវ័យល្បាក់ ២០ ឆ្នាំ ដែលអាចរកចំណូលហូរដូចទឹក ដោយឆក់បានទីផ្សារសិល្បៈយ៉ាងច្រើនស្ទើរគ្រប់វិស័យ ទាំងវិស័យដើរម៉ូដ វិស័យខ្សែភាពយន្ត ការថតផ្សព្វផ្សាយជាច្រើន និង ក្លាយទៅជា Brand Ambassador របស់ក្រុមហ៊ុនជាច្រើន។
យ៉ាងណាមិញ បើទោះជាការងារសិល្បៈស្ទើរតែដកឃ្លាមិនរួចក៏ពិតមែន តារាស្រីវ័យ ២២ ឆ្នាំ រចនា រ៉ាវាឌី ក៏នៅតែមានឱកាសចាប់យកការរកស៊ីផងដែរ ដោយសព្វថ្ងៃនាងបានបើកលក់ផលិតផលតាមអនឡាញចំនួន ២ រួមមាន ផលិតផលសម្អាងនាំចូលពីប្រទេសកូរ៉េ មានយីហោថា «RPY Skincare Brand by Rachana Ravady» ហាងលក់សម្លៀកបំពាក់ក្រោមផេកមានយីហោថា «Rachana fashion shop» និង ជាម្ចាស់ហាង «TM Homme by Rachana»។
ថ្មីៗនេះ កញ្ញា រចនា រ៉ាវ៉ាឌី បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅឯទឹកដីប្រទេសចិន ដោយតារាស្រីរូបនេះ បានធ្វើដំណើរទៅកាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។ ក្នុងនោះ បើតាមការឱ្យដឹងពីមិត្តស្និទ្ធស្នាលប្រាប់មកកាន់សារព័ត៌មាន «ប្រជាប្រិយ» ថា កញ្ញា រចនា ទៅប្រទេសចិនលើកនេះ មិនត្រឹមតែធ្វើដំណើរកម្សាន្តនោះទេ តែ រចនា ក៏ទៅមើលអីវ៉ាន់ផ្សេងៗ ដើម្បីនាំចូលមកពង្រីកមុខជំនួញរបស់នាងផងដែរ៕