វីរុសថ្មី XBB.1.5 ដែលបំប្លែងចេញពីអូមីក្រុង ឆ្លងលឿនបំផុត ពេលនេះកំពុងរាតត្បាតខ្លាំងនៅអាមេរិក
កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ វីរុសបំប្លែងខ្លួនថ្មីបំផុតមួយក្លាយចេញពីកូវីដអូមីក្រុង បានកើតឆ្លងក្នុងបរិមាណតិចតួចនៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា មកទល់ពេលនេះ វីរុសបំប្លែងខ្លួនប្រភេទថ្មីមួយនេះដែរ ហាក់កើនសន្ទុះរាលដាលឆ្លងខ្លាំងបំផុត រហូតក្លាយជាវីរុសឆ្លងចម្បងគេនៅសហរដ្ឋអាមេរិកទៅហើយ។
វីរុសថ្មីក្លែងពូជពីអូមីក្រុងនេះដែរ ត្រូវបានគេហៅឈ្មោះថា «XBB.1.5» គិតមកដល់សប្ដាហ៍ដំបូងនៃខែមករា ឆ្នាំ ២០២៣ នេះ គឺបានរាលដាលឆ្លងក្នុងចំនួនរហូតដល់ ២៧.៦ ភាគរយនៅសហរដ្ឋអាមេរិក នេះបើតាមទិន្នន័យថ្មីចុងក្រោយបង្អស់ដែលចេញដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង (CDC) កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ។ ភាគរយនៃការកើនឡើងចំនួនឆ្លងនេះ គឺលឿនខ្លាំងមែនទែន បើធៀបទៅនឹងករណីឆ្លងកាលពីដើមខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ដោយមានត្រឹម ២.៣ ភាគរយប៉ុណ្ណោះ។
ថ្លែងក្នុងសន្និសីដកាសែតកាលពីថ្ងៃទី ០៤ ខែមករា កន្លងទៅ លោកស្រី Maria Van Kerkhove ប្រធានបច្ចេកទេសផ្នែកកូវីដ-១៩ ប្រចាំអង្គការសុខភាពពិភពលោក បានបង្ហាញក្ដីព្រួយបារម្ភចំពោះការរីករាលដាលឆ្លងខ្លាំងនៃវីរុសបំប្លែងខ្លួនប្រភេទថ្មីនេះនៅសហរដ្ឋអាមេរិក និង បណ្ដាប្រទេសនានាផ្សេងទៀត។
វីរុស XBB.1.5 គឺជាវីរុសបំប្លែងពូជពីវីរុសអូមីក្រុង ដូចនេះហើយរោគសញ្ញារបស់វា ក៏មានសភាពស្រាលដូចអូមីក្រុងផងដែរ។ ក្រៅពីបារម្ភចំពោះការរីករាលដាលឆ្លងខ្លាំង ខាងអ្នកជំនាញក៏មានការធូរស្រាលចិត្តបន្តិចដែរ ដោយសារតែពលរដ្ឋភាគច្រើនលើពិភពលោក បានទទួលការចាក់វ៉ាក់សាំងការពារ និង មានប្រព័ន្ធភាពស៊ាំល្អ ដូច្នេះហើយបើទោះជាបានជួបប្រទះនឹងវីរុសថ្មីនេះ ក៏កម្រនឹងមានហានិភ័យវិវដ្តទៅជាធ្ងន់ធ្ងរផងដែរ។ យ៉ាងណាមិញ ខាងអ្នកវិទ្យាសាស្ត្រក៏នៅតែបន្តតាមដានជាប់ជានិច្ចលើវីរុសបំប្លែងខ្លួនថ្មីមួយនេះ ដើម្បីឱ្យដឹងច្បាស់លម្អិតពីលទ្ធភាពឆ្លងរបស់វា៕