កាដូធំក្នុងជីវិត! ខួបកំណើតឆ្នាំនេះ នៅ ស៊ីនឿន បានឃើញមុខកូនស្រីសម្លាញ់ហើយ សម្រាលមកចំថ្ងៃដូចឪពុក
កាលពីយប់រំលេងអធ្រាត្រវេលាម៉ោងប្រមាណ ១២ ឈានចូលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ នេះ តារាចម្រៀង លោក នៅ ស៊ីនឿន និង ភរិយាបានឃើញមុខកូនស្រីជាទីស្រឡាញ់ហើយ ក្រោយរង់ចាំអស់ជាច្រើនខែ។
ក្នុងនោះ លោក នៅ ស៊ីនឿន ក៏បាននាំភរិយាជាទីស្រឡាញ់ទៅសម្រាលនៅទឹកដីកំណើតរបស់នាងឯសហរដ្ឋអាមេរិកផងដែរ។ អ្វីដែលកាន់តែរីករាយ និង រំភើបសម្រាប់ក្រុមគ្រួសារលោក នៅ ស៊ីនឿន ក៏ដូចប៉ាៗថ្មីថ្មោងរូបនេះ គឺកូនស្រីបណ្តូលចិត្តរបស់លោកដែលមានឈ្មោះ មនោរាហ៍ សម្រាលចំថ្ងៃកំណើតរបស់លោក រហូតលោករំភើបចិត្តបង្ហោះសារស្វាគមន៍កូនស្រីយ៉ាងមានន័យថា ៖ «កាដូដ៏ធំបំផុតមិនអាចកាត់ថ្លៃបានសម្រាប់ខួបកំណើតឆ្នាំនេះ! ខ្ញុំសូមអរគុណប្រពន្ធសម្លាញ់ចិត្តប្ដី Dominique som ដែលបានជូនកាដូដ៏វិសេសវិសាលចំពោះប្ដីចំថ្ងៃខួបកំណើតប្ដីល្អណាស់ គឺសម្រាលបានកូនស្រីជាទីស្រឡាញ់ (មនោរាហ៍-MONOREA) ហើយក៏សូមគោរពអរគុណអ្នកម៉ែ លោកប៉ា អ្នកម៉ាក់ក្មេកជាពិសេសផងដែរ»។
គួរឱ្យដឹងថា កូនស្រីលោក នៅ ស៊ីនឿន បានសម្រាលនៅលើទឹកដីសហរដ្ឋអាមេរិកវេលាម៉ោង ៩ ព្រឹក នាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ ត្រូវនឹងម៉ោង ១២ យប់ ឈានចូលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ ដែលលោកបានដាក់ឈ្មោះឱ្យថា មនោរាហ៍-MONOREA៕