រំឭកអតីតកាល បុគ្គលពីររូបជាអ្នកណែនាំ លោក កៅ សីហា ចូលផលិតកម្ម រហូតក្លាយជាអ្នកដឹកនាំល្បីឈ្មោះទូទាំងប្រទេស
លោក កៅ សីហា បានបន្សល់ស្នាដៃជាច្រើនរាប់តាំងពី សំណេរ ទស្សនាវដ្តី ចម្រៀង ខារ៉ាអូខេ និង រឿងភាគទូរទស្សន៍ជាច្រើន ដែលបានដឹកនាំនៅផលិតកម្មរស្មីហង្សមាស។ មរណភាពរបស់លោក គឺជាការបាត់បង់ធនធានដ៏មានទេពកោសល្យនៅក្នុងវិស័យសិល្បៈខ្មែរ។ ការក្លាយជាអ្នកដឹកនាំរឿងមានគេស្គាល់ទូទាំងប្រទេស មិនមែនកើតឡើងដោយចៃដន្យនោះទេ ពោល វាកើតចេញពីទេពកោសល្យ ការអភិវឌ្ឍន៍ខ្លួន និង ការផ្តល់ឱកាសផងដែរ។
នៅក្នុងបទសម្ភាសមួយជាមួយកម្មវិធី បើកសោជីវិត លោក កៅ សីហា បានរៀបរាប់ថា លោកមានទេពកោសល្យខាងសិល្បៈភាពយន្តតាំងតែពីតូច។ រាល់ពេលនៅផ្ទះ លោកតែនិយាយឆ្លើយឆ្លងតែម្នាក់ឯង ធ្វើជាតួអង្គផ្សេងៗសន្ទនាគ្នាដូចទៅនឹងសាច់រឿង។ ដោយមានបំណងចង់ក្លាយជាអ្នកនិពន្ធ ក្រោយពេលរៀនចប់បាក់ឌុប លោកបានដាក់ពាក្យចូលរៀនខាងតែងនិពន្ធ និង ទ្រឹស្តី ទន្ទឹមគ្នានឹងកំពុងសិក្សាផ្នែកអក្សរសាស្ត្រខ្មែរនៅមហាវិទ្យាល័យ។ រៀនមហាវិទ្យាល័យចប់ លោកមិនបានធ្វើជាគ្រូបង្រៀនផ្នែកអក្សរសាស្ត្រឡើយ លោកបានចូលប្រឡូកក្នុងវិស័យសារព័ត៌មាន ដោយធ្វើការរយៈប្រមាណ ៦ ទៅ ៧ ឆ្នាំ ទើបចាប់ផ្តើមបោះជំហានទៅក្នុងវិស័យដឹកនាំភាពយន្ត។
ផលិតកម្មរស្មីហង្សមាស ជាកន្លែងដំបូងដែលលោកបានចាប់ផ្តើមអាជីពជាអ្នកដឹកនាំ។ ពេលដាក់ពាក្យធ្វើការនៅផលិតកម្ម លោកក៏ត្រូវបានបុគ្គលពីររូបជាអ្នកណែនាំ និង អូសចូលក្នុងផលិតកម្ម រហូតបានដឹកនាំចម្រៀង ដឹកនាំរឿង និង TVC…ជាដើម។ បុគ្គលពីររូបដែលលោកនិយាយនោះគឺ លោក ខាំ ភូរិ និង លោក សុខ ចាន់ផល ដែលជាអ្នកសរសេរទំនុកច្រៀងនៅទីនោះ។
បទពិសោធដឹកនាំច្រើនឆ្នាំ លោក កៅ សីហា ថាលោកមិនបានសិក្សាឬចេះទ្រឹស្តីអ្វីទាក់ទងនឹងការដឹកនាំនោះទេ អ្វីដែលធ្វើកន្លងមក គឺជាការចេះតតគ្នា គួបផ្សំការស្វែងយល់បន្ថែមដោយខ្លួនឯងពីប្រព័ន្ធអ៊ីនធ័រណែត ដើម្បីរកឃើញរបៀបថ្មីៗនៃការដឹកនាំ ការថត និង ចាប់ប្លង់៕