ស៊ុក សុភា និង ភរិយា បើកអាជីវកម្មដ៏ត្រូវប៉ាន់មួយលើទឹកដីអូស្រ្តាលី កំពុងមមាញឹកភ្ញៀវចូលណែនៗ
ក្រោយពីបានរៀបការ និង ចាកចេញទៅរស់នៅឯក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ តារាសម្តែង ស៊ុក សុភា ដែលអ្នកគាំទ្រកម្ពុជាបានដាក់នាមថា នាយ ខៀវ ឬ នេនទុំ ហាក់កាន់តែរស់នៅយ៉ាងមានសុភមង្គលជាមួយនឹងភរិយា ព្រមទាំងកូនៗរបស់លោក។
លើសពីនោះ បើតាមការបង្ហោះសកម្មភាពរស់នៅរបស់តារាប្រុសរូបនេះ គឺមើលទៅពិតជារស់នៅពោរពេញទៅដោយភាពសម្បូរបែប ហ៊ឺហារថែមទៀតផង ។
កាលពីពេលកន្លងមក មហាជនអ្នកគាំទ្រលោក ស៊ុក សុភា ក៏បានដឹងហើយថា លោក និង ភរិយា ក៏មានមុខជំនួញនៅក្នុងដៃផងដែរ ពាក់ព័ន្ធនឹងផលិតផលគ្រឿងសម្អាង។ យ៉ាងណាក៏ដោយថ្មីៗនេះ មហាជនអ្នកគាំទ្រ ក៏កាន់តែចាប់អារម្មណ៍ដល់មុខជំនួញរបស់លោក ស៊ុក សុភា និង ភរិយា បន្ថែមទៀតក៏ព្រោះតែអ្នកទាំងពីរកាន់តែពង្រីកមុខជំនួញជាងមុន ។
ថ្មីៗនេះ លោក ស៊ុក សុភា និង ភរិយា បានបើកភោជនីដ្ឋានមួយកន្លែងនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី ដោយមានយីហោថា «Luy’s Restaurant» ឬ «ចង្ក្រាន្តលុយ» ដែលជាហាងអាហារខ្មែរផងដែរ។ លើសពីនោះ មិនត្រឹមតែជាថៅកែនោះទេ តែលោក ស៊ុក សុភា ក៏ជាចុងភៅចម្អិនម្ហូបដ៏ឆ្ងាញ់ទៀតផង។
ក្រោយពីបើកភោជនីដ្ឋានបានមួយរយៈហើយនោះ គេឃើញលោក ស៊ុក សុភា និង ភរិយា មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនជនជាតិខ្មែរ និង បរទេសដែលរស់នៅឯប្រទេសអូស្ត្រាលី។ ម្យ៉ាងវិញទៀត សូម្បីតែសិល្បករ សិល្បការិនី ដែលរស់នៅទីនោះ ក៏បានទៅញុំាអាហារនៅហាងរបស់លោកដែរ៕