សោកស្ដាយ! ផលិតកររឿង «Titanic» និង រឿង «Avatar» បានទទួលមរណភាព ក្នុងវ័យ ៦៣ ឆ្នាំ
លោក Jon Landau ដែលត្រូវបានគេស្គាល់ថាជាផលិតករភាពយន្តឈ្នះពានរង្វាន់អូស្កា ដូចជារឿង «Titanic» និង រឿង «Avatar» បានទទួលមរណភាពហើយកាលពីពេលថ្មីៗនេះ នៅអាយុ ៦៣ ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
លោក Jon Landau គឺជាផលិតករភាពយន្តជើងចាស់មួយរូប ដែលបានចាប់ដៃគូជាមួយអ្នកថតភាពយន្ត លោក James Cameron ត្រូវបានគេរាយការណ៍កាលពីអាទិត្យមុនថា លោកបានស្លាប់កាលពីថ្ងៃសុក្រ បន្ទាប់ពីលោករស់នៅក្នុងជំងឺមហារីកជាងមួយឆ្នាំ។ ជាក់ស្តែង អ្នកស្រី Tina ដែលជាបងប្អូនស្រីរបស់លោក ក៏បានបង្ហោះជាផ្លូវការនៅលើបណ្តាញសង្គមផងដែរ។
លោក Jon Landau គឺជាកូនប្រុសរបស់ផលិតករហូលីវូដ លោក Ely Landau និង លោកស្រី Edie Landau ហើយក៏ធ្លាប់ជានាយកប្រតិបត្តិនៅក្រុមហ៊ុនផលិតខ្សែភាពយន្ត 20th Century Fox ដែលមើលការខុសត្រូវលើខ្សែភាពយន្តហូលីវូដល្បីៗជាច្រើនដូចជា រឿង The Last Of The Mohicans និង រឿង Die Hard 2 ជាដើម។
ចាប់ដៃផលិតខ្សែភាពយន្តជាមួយផលិតករ James Cameron លោក Jon Landau បានរួមដៃគ្នាបង្កើតរឿង Titanic ដែលធ្វើឱ្យផ្ទុះកក្រើកខ្លាំងនៅក្នុងឆ្នាំ ១៩៩៧ ដោយរកចំណូលទីផ្សារជាសកលបានច្រើនបំផុតប្រមាណ ១ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ក្រោយមកទៀត ជាមួយរឿង Avatar វគ្គ ១ និង វគ្គ ២ ចំណងជើង The Way of Water ដែលចេញនៅក្នុងឆ្នាំ ២០០៩ និង ឆ្នាំ ២០២២ អាចរកចំណូលលើសលប់រហូតបំបែកកំណត់ត្រារឿង Titanic ផងដែរ។
លើសពីនេះ លោក Jon Landau បានចូលរួមផលិតខ្សែភាពយន្តផ្ទុះកក្រើកផ្សេងទៀតដូចជា រឿង Honey, រឿង I Shrunk the Kids and Dick Tracy ព្រមទាំងកាន់តំណែងជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Lightstorm Entertainment ដែលជាក្រុមហ៊ុនរបស់ James Cameron ដៃគូរបស់លោក។
តាមរយៈមរណភាពរបស់ Jon Landau ផលិតករ លោក James Cameron ដែលធ្លាប់ជាដៃគូផលិតភាពយន្តជាមួយគ្នាយូរឆ្នាំ លោកបានប្រាប់ខាងសារព័ត៌មាន The Hollywood Reporter ថា «Jon Landau គឺជាផលិតករដ៏អស្ចារ្យ និង ជាមនុស្សដ៏អស្ចារ្យបំផុតដែលឥឡូវបានចាកចេញពីយើងហើយ។ Jon Landau ជឿជាក់ទៅលើក្តីសុបិននៃការផលិតខ្សែភាពយន្ត គាត់ជឿជាក់ថាភាពយន្តគឺជាទម្រង់សិល្បៈដ៏អស្ចារ្យរបស់មនុស្ស ហើយដើម្បីបង្កើតខ្សែភាពយន្តបាន អ្នកត្រូវតែធ្វើជាខ្លួនឯងជាមុនសិន។ គាត់នឹងត្រូវបានគេចងចាំយ៉ាងច្រើននូវទឹកចិត្តសប្បុរសដ៏ធំធេង ដូចដែលភាពយន្តបានបង្កើតឡើងទាំងប៉ុន្មាន»៕
ប្រភព៖ BBC