វែកមុខអ្នកទម្លាយព័ត៌មានរៀបការឃើញ ម៉ាច ដាវី ថាពេលនេះមានអារម្មណ៍គ្មានសុវត្ថិភាព រហូតបង្ហើបរឿងដ៏តក់ស្លុ./តមួយ
នៅយប់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៤ ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ស្ថាប័ន Miss Grand រតនគិរី បានប្រកាសវែកមុខជនដែលទម្លាយព័ត៌មានរបស់បវរកញ្ញា ម៉ាច ដាវី ធ្លាប់រៀបការឃើញហើយ ដែលយុវជនរូបនេះឈ្មោះ ហ៊ឺ ហេង បានសារភាពថា រូបគេត្រូវបានគេជួលក្នុងតម្លៃ ១០០ ដុល្លារ ដើម្បីបង្ខូចឈ្មោះរបស់បវរកញ្ញា ម៉ាច ដាវី ដែលនាងគឺជាបេក្ខភាពដ៏លេចធ្លោមួយរូបក្នុងកម្មវិធី Miss Grand Cambodia 2024។
តាមប្រភពដដែលបានឱ្យដឹងថា ដ្បិតថាពេលនេះ បានរកឃើញជនដៃដល់ដែលជាអ្នកទម្លាយព័ត៌មានបង្ខូចឈ្មោះរបស់បវរកញ្ញា ម៉ាច ដាវី ក៏ពិតមែន ប៉ុន្ដែខាងស្ថាប័ន Miss Grand រតនគិរី បានសហការជាមួយមេធាវី ដើម្បីខ្នងខ្នែងបន្តស្វែងរកមេខ្លោង និង អ្នកជាប់ពាក់ព័ន្ធបន្ថែមទៀតដើម្បីចាត់ការតាមច្បាប់ ព្រោះទង្វើនេះ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់ ម៉ាច ដាវី ជាខ្លាំង។
ងាកមកសាមីខ្លួនវិញ បន្ទាប់ពីវែកមុខអ្នកទម្លាយព័ត៌មានឃើញ ម៉ាច ដាវី បែរជាកាន់តែមានអារម្មណ៍ភ័យខ្លាចពីសុវត្ថិភាពរបស់ខ្លួនឯងកាន់តែខ្លាំង លើសពីនេះ នាងក៏បង្ហើបទៀតថា មួយរយៈមុនដែលនាងរងពាក្យជេរប្រមាថពីជនមិនស្គាល់នោះ ធ្វើឱ្យនាងបាក់ទឹកចិត្តជាខ្លាំង។
ម៉ាច ដាវី សរសេរសារបង្ហោះលើហ្វេសប៊ុកទាំងភ័យខ្លាចថា ៖ «កុំខ្លាចនាងខ្ញុំដល់ថ្នាក់នឹងអី ពេលខ្លះមានអារម្មណ៍ថាខ្លួនឯងគ្មានសុវត្ថិភាព ត្រូវបានជនមិនស្គាល់មុខ ជេរ ប្រមាថ តាមចិត្តនៅក្នុងបណ្តាញសង្គម បាក់ទឹកចិត្តខ្លាំងណាស់ តែខំប្រឹងបន្តទៅមុខទាំងដែលរងការគំរាមកំហែងរាល់ថ្ងៃ»៕