សោកស្ដាយ! បុរសវ័យចំណាស់ជាងគេបំផុតលើពិភពលោក ទទួលមរណភាពហើយក្នុងវ័យ ១១២ ឆ្នាំ
កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ Guinness World Records បានស្រង់សម្ដីរបស់ក្រុមគ្រួសារលោកតា Briton John Tinniswood ដោយបានឱ្យដឹងថា លោកតាបានទទួលមរណភាពហើយក្នុងវ័យ ១១២ ឆ្នាំ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនៅកន្លែងថែទាំចាស់ជរាដែលជាកន្លែងលោកតារស់នៅក្នុងក្រុង Southport តំបន់ Northwest England។
ចាប់កំណើតនៅក្រុង Liverpool ក្នុងថ្ងៃទី ២៦ ខែសីហា ឆ្នាំ ១៩១២ លោកតា Tinniswood កើតក្នុងឆ្នាំដំណាលគ្នានៃសោកនាដកម្មលិចកប៉ាល់ទីតានិច។ លោកតារស់នៅឆ្លងកាត់សង្គ្រាមលោកទាំង ២ លើក ក៏ដូចជាឆ្លងកាត់ការរាតត្បាតជាសកលនៃរោគផ្ដាសាយ និង កូវីដ-១៩។
កាលពីខែមេសា ឆ្នាំ ២០២៤ កន្លងទៅ Guinness World Records បានប្រកាសថាលោកតា Tinniswood ជាបុរសមានវ័យចំណាស់ជាងគេបំផុតលើពិភពលោក ក្រោយលោកតា Venezuelan Juan Vicente Perez ទទួលមរណភាពទៅក្នុងវ័យ ១១៤ ឆ្នាំ។
លោកតា Tinniswood មិនជក់បារី និង កម្រផឹកគ្រឿងស្រវឹងណាស់។ លោកតានិយាយថាអាថ៌កំបាំងដែលធ្វើឱ្យលោកតាអាយុវែងនេះ គឺគ្រាន់តែជាសំណាងប៉ុណ្ណោះ ប៉ុន្តែលោកតាក៏បានណែនាំឱ្យគ្រប់គ្នារស់នៅប្រកបដោយតុល្យភាព និង មានសុខភាពល្អ។ ជាក់ស្ដែងក្នុងកិច្ចសម្ភាស លោកតា Tinniswood បានចែករំលែកថា៖ «កុំផឹកច្រើនពេក កុំញ៉ាំច្រើនពេក ឬធ្វើសកម្មភាពអ្វីខ្លាំងក្លាពេក។ បើសិនយើងធ្វើអ្វីមួយលើសកំណត់ពេក ចុងក្រោយយើងនឹងទទួលផលលំបាកពីវា»៕