ឈុតឆាករបស់ Gong Yoo ហុចឆ្នោត និង នំប៉័ងឱ្យជនអនាថាជ្រើសរើសក្នុងរឿង «Squid Game 2» កំពុងតែក្លាយទៅជាទំនោរនិយម (trending) ថ្មីមួយដែល Influencers ជាច្រើនក្នុងប្រទេសកូរ៉េនាំគ្នាធ្វើតាមព្រោងព្រាត។
យ៉ាងណាមិញ trending មួយនេះកាន់តែផ្ទុះល្បីខ្លាំងឡើងរហូតដល់ប្រទេសដទៃផ្សេងទៀតផងដែរ។ ជាក់ស្ដែង Influencer ជនជាតិអង់គ្លេសម្នាក់ក៏បានលេង trend ថ្មីមួយនេះដែរ ប៉ុន្តែបែរជារងមតិមិនពេញចិត្តជាច្រើនពីសំណាក់មហាជន។ រូបលោកបានដើររកជនអនាថាតាមផ្លូវ និង បានធ្វើការលើកក្រដាសឆ្នោត និង នំប៉័ងឱ្យពួកគេជ្រើសរើស។ នៅពេលជនអនាថាជ្រើសរើសសន្លឹកឆ្នោត លោកក៏បានហុចកាក់ឱ្យឆូតសន្លឹកឆ្នោតនោះ ហើយពេលដែលឆ្នោតមិនត្រូវ Influencer រូបនោះក៏ទារយកកាក់ត្រឡប់មកវិញ។ អ្វីដែលធ្វើឱ្យមហាជនកើតការមិនពេញចិត្តខ្លាំងបំផុតនោះ គឺនៅពេលដែល influencer រូបនោះធ្វើការជាន់នំប៉័ងនៅពីមុខជនអនាថា។
មហាជននាំគ្នារិះគន់មិនសំចៃដៃ ដោយខ្លះលើកឡើងថា៖ «ក្នុងរឿងមើលទៅអស្ចារ្យ តែជាក់ស្ដែងមិនឡូយនោះទេ» «វាមិនល្អសើចទេ មកធ្វើរឿងជាមួយមនុស្សក្នុងជីវិតពិតបែបនេះ» «គិតថាខ្លួនឯងឡូយហើយមែនទេដែលមកទាញផលប្រយោជន៍ពីជនអនាថាបែបនេះ»៕