Kimberley ឆ្លើយផាំងៗគ្មានទាក់ ក្រោយអ្នកគាំទ្រឆ្កឹះសួរថា ឆ្នាំនេះនឹងធ្វើអ្វីខ្លះ?
នៅឆ្នាំ ២០២៣ នេះ តារាសម្ដែងជួរមុខប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ លោក Mark Prin និង តារាសម្ដែងស្រី Kimberley នឹងត្រៀមកាន់ដៃគ្នាចូលរោងការហើយ បន្ទាប់ពីស្រឡាញ់គ្នាមកអស់រយៈពេល ៩ ឆ្នាំ។
ទន្ទឹមនឹងនោះ គេឃើញគូស្នេហ៍តារាគូនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការកាន់ដៃគ្នាសាងគ្រួសារផងដែរ។ តួយ៉ាងថ្មីៗនេះ អ្នកទាំងពីរក៏ទើបតែសាងសង់ផ្ទះមួយខ្នងយ៉ាងស្រស់ស្អាតទុកសម្រាប់រស់នៅសាងសុភមង្គល ក្រោយរៀបការហើយ។
គិតមកទល់ពេលនេះ តារាស្រីប្រុស Kimberley និង Mark មិនទាន់បាន Update ពីដំណឹង និង ពេលវេលាចូលរោងការឱ្យបានច្បាស់លាស់នោះឡើយ តែថ្មីៗនេះ Kimberley បានចេញមកទម្លាយពីផែនការជីវិតរបស់ខ្លួន និង Mark បន្ទាប់ពីមានអ្នកគាំទ្រសួរថា ៖ « តើបងស្រីរៀបចំគម្រោងជីវិតយ៉ាងដូចម្តេចក្នុងឆ្នាំ ២០២៣ នេះ?»។
មិនចាំយូរ តារាស្រី Kimberley បានឆ្លើយតបទៅវិញដោយអត្ថន័យថា ៖ «ក្នុងឆ្នាំនេះមានគម្រោងបញ្ចប់រឿងភាគ និង រឿងកុន ហើយធ្វើផ្ទះឱ្យបានរួចរាល់ បន្ទាប់មករៀបការ ហើយក្រោយពីរៀបការគឺទៅដើរកម្សាន្តសាកថ្មឱ្យជីវិត»៕