មកដឹងលក្ខខណ្ឌចម្បងទាំងនេះជាមុនសិន ចាំជិះលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ នេះ គណនីហ៊្វេសប៊ុកផេក ក្រសួងសារធារណការ និង ដឹកជញ្ជូន បានធ្វើការសរសេរសារបង្ហោះទាក់ទងនឹងលក្ខខណ្ឌគួរយល់ដឹងអំពី «ការកំណត់ល្បឿនបើកបរ» នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយកំណត់ល្បឿនទាបបំផុត (អប្បបរមា) និង លឿនបំផុត (អតិប្បរមា) ដូចខាងក្រោម៖
អប្បរមា (យឺតបំផុត) – អតិបរមា (លឿនបំផុត)
– ល្បឿនពី ៦០ ទៅ ១២០ km/h សម្រាប់រថយន្តគ្រួសារ/ធុនស្រាល
– ល្បឿនពី ៦០ ទៅ ១០០ km/h សម្រាប់រថយន្តធុនធ្ងន់មិនមានសណ្ដោងសឺម៉ីរ៉ឺម៉ក ឬ ម៉ូតូ ៥០០ cc/ ២៧ kW ឡើងទៅ
– ល្បឿនពី ៦០ ទៅ ៨០ km/h សម្រាប់រថយន្តសណ្ដោងសឺម៉ីរ៉ឺម៉ក ឬ សណ្ដោងយានដំណើរកំសាន្ត
ក្នុងករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបើកបរទាំងអស់ត្រូវតែអនុវត្តតាមជាកំហឹត ជំនួសឱ្យគោលការណ៍ខាងលើ។ រីឯករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ ៤០ km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ ៦០ km/h។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ (Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។
គួរឱ្យដឹងដែរថា ក្រសួងសារធារណការ និង ដឹកជញ្ជូនក៏បានបញ្ជាក់ដែរថា «ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ» នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២៕
រូបភាព៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន