៣ ថ្ងៃទៀតដល់បុណ្យឯករាជ្យជាតិ មកដឹងប្រវត្តិខ្លះៗនៃសំណង់ដ៏អស្ចារ្យ «វិមានឯករាជ្យ»
រៀងរាល់ឆ្នាំក្នុងនៅថ្ងៃទី ៩ ខែវិច្ឆិកា កម្ពុជា តែងតែប្រារព្ធធ្វើពិធីបុណ្យឯករាជ្យជាតិ យ៉ាងមហោឡារិកនៅឯវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូល នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាលមកពីក្រសួងមន្ទីរនានា សូម្បីតែប្រជាពលរដ្ឋ សិស្ស និស្សិត ក្រុមយុវជនកាយឬទ្ធិ និង យុវជនកាកបាទក្រហមយ៉ាងច្រើនកុះករ ក៏បានទៅចូលរួមអបអរសាទរផងដែរ។ យ៉ាងណាមិញ ប្រិយមិត្តធ្លាប់ដឹងទេថា ហេតុអ្វីបានជាពិធីបុណ្យឯករាជ្យ ត្រូវបានធ្វើឡើងនៅវិមានឯករាជ្យ? តើវិមានឯករាជ្យសាងសង់ឡើងនៅឆ្នាំណា? សាងសង់ឡើង ដើម្បីអ្វី? ថ្ងៃនេះ «ប្រជាប្រិយ» នឹងប្រាប់ឱ្យប្រជាពលរដ្ឋបានដឹងពីប្រវត្តិខ្លះៗនៃវិមានឯករាជ្យ។
ក្រោយពេលទាមទារឯករាជ្យបានទាំងស្រុង ពីអាណានិគមនបារាំងនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ វិមានឯករាជ្យ ត្រូវបានបានកសាងឡើង និង សម្ពោធដាក់ឱ្យប្រើប្រាស់ នៅឆ្នាំ ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥ – ១៩៦០) ព្រះរាជបិតា សម្តេចព្រះ នរោត្តម សីហនុ ដើម្បីជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ និង សម្រាប់ជាស្តូបគោរពវិញ្ញាណក្ខន្ធ អ្នកស្លាប់ ដើម្បីបុព្វហេតុជាតិ ព្រមទាំងដើម្បីប្រារព្ធនូវសេរីភាព និង ឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស ហើយវិមានឯករាជ្យ កាលពីមុនត្រូវបានគេហៅថា «អនុស្សាវរីយ៍វិមានឯករាជ្យ» ដែលឈរយ៉ាងខ្ពស់ត្រដែតនៅចំកណ្តាលរង្វង់មូលចរាចររវាងមហាវិថីព្រះនរោត្តម និង រុក្ខវិថីព្រះសីហនុ កណ្តាលរាជធានីភ្នំពេញ។
យ៉ាងណាមិញ ចំពោះការរចនាប្លង់វិមានឯករាជ្យ គឺត្រូវបានធ្វើឡើងដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ លោក វណ្ណ មូលីវណ្ណ (Vann Molyvann) ដោយមានកម្ពស់ ២០ ម៉ែត្រ មាន ៥ ជាន់ យកលំនាំតាមរាងផ្កាឈូកក្រពុំ តាមគំរូរចនាបថរបស់អង្គរ លម្អដោយក្បាលពស់នាគរាជចំនួន ១០០ (១ ជាន់ ២០, ១ ជ្រុង ៥) រំលេចចេញយ៉ាងច្បាស់នូវរចនាបថរបស់ប្រាង្គប្រាសាទអង្គរវត្ត។ ចំណែកអ្នកកសាងវិមានឯករាជ្យតាមប្លង់របស់លោក វណ្ណ មូលីវណ្ណ គឺលោក តឹង វឿត ដែលជាស្ថាបត្យករដ៏ល្បីល្បាញមួយរូបដែរ។
ដោយឡែក ចំពោះក្បាលពស់នាគរាជចំនួន ១០០ នេះ មានឯកសារខ្លះបានឱ្យដឹងថា បានយកតាមចំនួនឆ្នាំ ដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ជិតមួយសតវត្សរ៍ (១ សតវត្សរ៍មាន ១០០ ឆ្នាំ) គឺ ៩០ ឆ្នាំ (១១ សីហា ១៨៦៣ – ៩ វិច្ឆិកា ១៩៥៣)។ វិមានឯករាជ្យក៏ជាវិមានមួយបង្ហាញអំពីអច្ឆរិយនៃស្ថាបត្យកម្មខ្មែរ ព្រោះការរចនាបានយកលំនាំតាមប្រាសាទបុរាណនាសម័យអាណាចក្រខ្មែរ គួបផ្សំជាមួយសិល្បៈសម័យទំនើប ដូចនេះហើយ ទើបវិមានឯករាជ្យក្លាយជាសំណង់ដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា។
គួរឱ្យបញ្ជាក់ដែរថា វិមានឯករាជ្យមានរចនាបទជា ផ្កាឈូកក្រពុំ ដែលជារចនាបថបន្ទាយស្រី សូម្បីតែពណ៌ក៏ត្រូវជ្រើសរើសពណ៌ក្រហម ដែលប្រហាក់ប្រហែលនឹងថ្មប្រាសាទបន្ទាយស្រីដែរ។ ចំណែកឯស្ថាបត្យកម្មវិញ វិមានឯករាជ្យត្រូវបានយកលំនាំពីប្រាសាទបាគង ខេត្តសៀមរាប (ក្នុងរាជព្រះបាទឥន្ទ្រវរ្ម័នទី១) ជាតំណាងទស្សនប្រាសាទភ្នំសំដៅទៅលើកំពូលភ្នំសុមេរុ មិនខុសពីកំពូលប្រាងប្រាសាទដទៃទៀតឡើយ ហើយវិមានឯករាជ្យ ត្រូវបានគេចាត់ទុកថាជា សំណង់ និង កន្លែងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាមួយបែបដែរ ព្រោះដោយសារតែរចនាបថ និង សំណង់ប្រវត្តិសាស្ត្រ ដែលតំណាងដល់ការទទួលបានឯករាជ្យពេញលេញរបស់កម្ពុជា និង ភាពរុងរឿងរបស់កម្ពុជា កាលពីសម័យនោះ។ លើសពីនេះទៀត វិមានឯករាជ្យមានសម្រស់កាន់តែស្អាត នាពេលរាត្រីជាមួយភ្លើងពណ៌ ដែលធ្វើឱ្យអ្នកដំណើរកាត់តាមមហាវិថីនោះ អាចផ្តិតយករូបភាពបានយ៉ាងស្រស់ស្អាត៕
ប្រភពរូបភាព ៖ អភិបាលរងរាជធានីភ្នំពេញ & Cambodia Property Report